ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថាទណ្ឌកម្មអាមេរិកមានបំណងរារាំងកិច្ចខិតខំប្រឹងប្រែង រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ៊ីរ៉ង់: រដ្ឋាភិបាលក្រុងតេអេរ៉ង់ បាននិយាយនៅថ្ងៃពុធនេះថា ការដាក់ទណ្ឌកម្មថ្មី ពីសំណាក់ក្រុងវ៉ាស៊ីនតោន គឺជាការប៉ុនប៉ងរារាំងនូវកិច្ចប្រឹងប្រែង ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។

កាលពីថ្ងៃអង្គារក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្មលើអភិបាលធនាគារកណ្តាលអ៊ីរ៉ង់ និងបុគ្គល ៣នាក់ រួមទាំងធនាគារមួយដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់ មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀង ដែលអ៊ីរ៉ង់បានចុះហត្ថលេខា ជាមួយមហាអំណាចពិភពលោក ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកចេញនូវទណ្ឌកម្ម។

យ៉ាងណាមិញអ៊ីរ៉ង់ បានពណ៌នាទណ្ឌកម្មនេះថា ជាទង្វើខុសច្បាប់ និងបានព្រមានថា ប្រសិនបើកិច្ចចរចា ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងបរាជ័យនោះ ខ្លួននឹងបង្កើនការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឲ្យទៅជាកម្រិតខ្ពស់ជាងមុន៕

មតិយោបល់