ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ចង់ជួបចរចាដោយផ្ទាល់ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុំវិញ…

អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ បានឲ្យដឹងថា លោកអាចនឹងមានកិត្តិយស ដើម្បីជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្រោមលក្ខខណ្ឌដ៏ត្រឹមត្រូវ ដោយប្ដូរពីការគំរាមកំហែងសកម្មភាពយោធាប្រឆាំងនឹងរបបមួយនេះ ត្រឡប់មកធ្វើការសន្ទនាតាមទូរស័ព្ទវិញ។ ដកស្រង់ប្រភពព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ០២ ខែឧសភា ឆ្នាំ២០១៧។

ខណៈដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានគំរាមកំហែងធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំមួយរបស់ខ្លួន ដែលកំពុងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងទ្បើងនៅលើឧបទ្វីបកូរ៉េនោះ ប្រធានាធិបតីអាមេរិក លោក ត្រាំ ក៏បានបង្ហាញពីយុទ្ធសាស្ត្រតបតទៅវិញ ដោយការបិទផ្លូវការទូតរបស់ប្រទេសនេះ។

ថ្មីៗនេះ លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសជាមួយ Bloomberg ថា «ប្រសិនបើវា នឹងជាការសមរម្យ សម្រាប់ខ្ញុំជួបជាមួយគាត់ (មេដឹកនាំកូរ៉េខាងជើង) ខ្ញុំពិតជានឹងធ្វើវា។ ខ្ញុំអាចនឹងមានកិត្តិយស ក្នុងការធ្វើវា»។

កាលពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក ត្រាំ បានបង្ហាញពីការគំរាមគំហែង និងស្ដីបន្ទោសយ៉ាងខ្លាំង ដោយបានលើកទ្បើងពីការព្រួយបារម្ភថា ក្រុងព្យុងយ៉ាង កំពុងរៀបចំធ្វើតេស្តបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយ បំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាព អាចវាយប្រហារដល់ដែនដីភាគខាងលិច របស់សហរដ្ឋអាមេរិក។

ក្នុងនោះដែរ លោក ត្រាំ ថែមទាំងបានជំរុញឲ្យប្រទេសចិន ប្រើប្រាស់អានុភាពរបស់ខ្លួន ដើម្បីដាក់សម្ពាធឲ្យក្រុងព្យុងយ៉ាង យល់ព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងការធ្វើតេស្តមីស៊ីលរបស់ខ្លួន ប៉ុន្តែ យុទ្ធសាស្រ្តនេះ នៅតែមិនអាចធ្វើឲ្យរបបមួយនេះ ព្រមបោះបង់មហិច្ឆតាផលិតអាវុធប្រល័យលោកទ្បើយ។

ពាក់ព័ន្ធនឹងរឿងគឃ្លើនធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ ក៏ធ្លាប់បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពតែម្នាក់ឯង នៅក្នុងការដោះស្រាយបញ្ហាជម្លោះនេះ តែទោះជាយ៉ាងនេះក្ដី កាលពីថ្ងៃចន្ទ លោក ត្រាំ បានបង្ហាញពីសញ្ញាមួយ ដែលថា លោកអាចនឹងមានការចរចាជួបដោយផ្ទាល់ជាមួយនឹងលោក គីម ខណៈដែល លោកមិនទាន់បានជួបជាមួយមេដឹកនាំបរទេសរូបនេះ ចាប់តាំងពីការចូលកាន់អំណាចមកម៉្លេះ៕

មតិយោបល់