ព័ត៌មានអន្តរជាតិ

UN ដកបម្រាមហាមធ្វើដំណើរសម្រាប់កូរ៉េខាងជើង ដើម្បីដំណើរការកិច្ចប្រជុំកំពូល រវាងលោក ត្រាំ និងលោក គីម នៅសិង្ហបុរី

UN: គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានយល់ព្រមលុបចោលបម្រាមហាមឃាត់ការធ្វើដំណើររបស់មន្រ្តីកូរ៉េខាងជើង ទៅកាន់ប្រទេសសឹង្ហបុរី ដើម្បីដំណើរការកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលបានគ្រោងទុកនៅខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

កាលពីសប្តាហ៍មុនប្រទេសសឹង្ហបុរី បានស្នើសុំឲ្យគណៈកម្មាធិការ UN ផ្តល់ការលើកលែងបម្រាម ចំពោះគណៈប្រតិភូកូរ៉េខាងជើង ដើម្បីឲ្យពួកគេអាចចូលរួម នៅក្នុងកិច្ចប្រជុំកំពូលនាថ្ងៃទី ១២ ខែមិថុនាខាងមុខ ក៏ដូចជាការរៀបចំសម្រាប់ជំនួបនេះផងដែរ។

លោក Burhan Gafoor ឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិប្រចាំ នៅគណៈកម្មាធិការនេះ បានសរសេរថា កិច្ចប្រជុំកំពូលនេះ នឹងក្លាយទៅជាឱកាសមួយ ក្នុងការលើកកម្ពស់ដំណោះស្រាយ ដោយសន្តិវិធីទៅលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបង្កើតសន្តិភាព ក៏ដូចជាស្ថិរភាពលើឧបទ្វីបកូរ៉េ និងក្នុងតំបន់។

យ៉ាងណាមិញនៅក្នុងលិខិតនេះ មិនបានបញ្ជាក់ពីចំនួននៃគណៈប្រតិភូទីក្រុងព្យុងយ៉ាង ដែលនឹងត្រូវចូលរួម សម្រាប់កិច្ចប្រជុំកំពូលនេះទេ។

សូមជំរាបថា បញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ គឺមានបុគ្គលចំនួន ៨០ នាក់ និងអង្គភាពចំនួន ៧៥ របស់កូរ៉េខាងជើង ត្រូវហាមឃាត់ការធ្វើដំណើរជាសកល និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ៕

មតិយោបល់