កូរ៉េៈ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានដំណើរទៅប្រទេសសិង្ហបុរី តាមយន្តហោះ Boeing 747 របស់ក្រុមហ៊ុនឯកជនចិន ដែលធ្លាប់ផ្តល់សេវាសម្រាប់មន្ត្រីថ្នាក់ខ្ពស់ចិន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
ដោយយន្តហោះនេះ ត្រូវបានគេតាមដានការចាកចេញពីអាកាសយានដ្ឋាន នៅក្រុងព្យុងយ៉ាង នាម៉ោង៨កន្លះព្រឹកថ្ងៃអាទិត្យនេះ ប៉ុន្តែមិនបានបញ្ជាក់អំពីទិសដៅនៃយន្តហោះខាងលើនោះទេ។
ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចាកចេញពីជំនួបនៅកាណាដា មកកាន់សិង្ហបុរីផងដែរ ហើយរំពឹងថា នឹងជួបប្រជុំជាមួយគីមនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
ប្រភពពីមន្ត្រីកងកម្លាំងអាកាសកូរ៉េខាងត្បូងម្នាក់ បានឲ្យដឹងថា យន្តហោះប្រដេញចិន នឹងអមការពារយន្តហោះរបស់មេដឹកនាំកូរ៉េខាងជើង ក្នុងដំណើរមកចូលរួម កិច្ចប្រជុំកំពូលនៅសិង្ហបុរីនេះ៕
មតិយោបល់