ព័ត៌មានអន្តរជាតិ

មេដឹកនាំស៊ីរី ថា អ៊ីស្រាអែល និងអាមេរិក កំពុងរារាំងដំណើរការផ្សះផ្សាគ្នា នៅភាគខាងត្បូងប្រទេស

ស៊ីរីៈ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាស្សាដ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធថា អ៊ីស្រាអែល កំពុងរារាំងការដោះស្រាយស្ថានភាព នៅភាគខាងត្បូងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Al-Alam TV របស់អ៊ីរ៉ង់ និងបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA លោក អាស្សាដ បាននិយាយថា មកទល់ពេលនេះ នៅតែមិនទាន់មានលទ្ធផលជាក់ស្តែង នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀង ជាមួយពួកឧទ្ទាមនោះទេ ដោយសារមានសម្ពាធពីអាមេរិក និងអ៊ីស្រាអែល ទៅលើក្រុមសកម្មប្រយុទ្ធ។

ដោយលោកបានញ្ជាក់ថា មានឱកាសសម្រាប់ការផ្សះផ្សាគ្នា ប៉ុន្តែជនជាតិអាមេរិក និងអ៊ីស្រាអែលបានរារាំងវា។

ការកត់សម្គាល់របស់លោក អាស្សាដ បានបង្ហាញពីការពិតផ្ទុយគ្នា ក្នុងចំនោមពាក្យចចាមអារាម ដែលលេចឡើងអំពីកិច្ចព្រមព្រៀង ដែលគាំទ្រដោយរុស្ស៊ី ជាមួយអាមេរិក និងអ៊ីស្រាអែល។

ក្នុងនោះលោកបានន្ថែមថា តំបន់ដែលគ្រប់គ្រងដោយពួកឧទ្ទាម នៅភាគខាងត្បូងខេត្ត Daraa និង Quneitra នឹងត្រូវប្រឈមនឹងជម្រើសពីរ គឺការតាំងទីលំនៅទីនោះ ដោយផ្អែកលើកិច្ចព្រមព្រៀង ជាមួយក្រុមប្រដាប់អាវុធ ឬការប្រយុទ្ធយោធា៕

មតិយោបល់