អាមេរិកៈ លោកបារ៉ាក់ អូបាម៉ា អញ្ជើញទៅកាន់វិមាន Capitol កាលពីថ្ងៃពុធ ដើម្បីប្រមែប្រមូលពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យឲ្យការពារសេចក្តីព្រាងច្បាប់របស់លោក ស្តីពីការថែរក្សាសុខភាពដែលគួរកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រមានឈ្មោះថា Obamacare។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។
លោកអនុប្រធានាធិបតីជាប់ឆ្នោត Mike Pence មកពីគណបក្សសារធារណរដ្ឋ ក៏នឹងអញ្ជើញទៅកាន់សភាដែរ ដើម្បីពិភាក្សាជាមួយសមាជិកខ្លួនអំពីរបៀបវារៈរបស់ពួកគេ ក្នុងការលប់ចោលកម្មវិធីនេះ «Obamacare»។
ការប្រជុំទាំងពីរនេះ ធ្វើឲ្យលេចឡើងនូវការតស៊ូមតិធំមួយ ក្នុងបណ្តាការតស៊ូមតិធំៗនៅពេលដែលតំណែងកំពូលក្នុងសេតវិមានបានត្រូវផ្ទេរពីលោកប្រធានាធិបតីអូបាម៉ាទៅឲ្យប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករា។
លោក ត្រាំ បានហៅ Obamacare ថាជាកម្មវិធីមួយ «មិនល្អ» អស់សោហ៊ុយច្រើនណាស់ ជាហេតុផលលោកនិយាយថា លោកចង់លប់កម្មវិធីនេះចោល តែលោកមិនបានបង្ហាញគោលសំខាន់ៗនៃផែនការដែលនឹងជំនួស Obamacare នោះទេ។
លោក Josh Earnest អ្នកនាំពាក្យសេតវិមាន បាននិយាយប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃអង្គារថា លោកអូបាម៉ានឹងពិភាក្សាជាមួយក្រុមប្រជាធិបតេយ្យដើម្បីធ្វើបែបណា អាចទប់ទល់នឹងគោលបំណងរបស់ពួកសាធារណរដ្ឋ ក្នុងការលប់កម្មវិធីថែរក្សាសុខភាពនេះចោល៕

មតិយោបល់