ព័ត៌មានអន្តរជាតិ

តាក់ស៊ី បើ​កបំ​បុក​ចូល​ហ្វូងមនុស្ស នៅ​ក្រុង​មូ​ស្គូ បង្ក​ឲ្យមនុស្ស​៨​នាក់រងរបួស​

រុស្ស៊ីៈ រថយន្តតាក់ស៊ីមួយគ្រឿង បានបើកបុកចូលទីកន្លែង ដែលមានអ្នកដំណើរអ៊ូអរ នៅជិតទីលានក្រហម នៃទីក្រុងមូស្គូកាលពីថ្ងៃសៅរ៍ បានបណ្ដាលឲ្យមនុស្ស៨នាក់រងរបួស រួមមានជនជាតិម៉ិកស៊ិច២នាក់ ចំពេលទីក្រុងមួយនេះ កំពុងរៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់World Cup។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។

ហេតុការណ៍នេះ កើតឡើងខណៈអ្នកក្រុង និងអ្នកគាំទ្របាល់ទាត់ដើរកុះករ ក្នុងទីក្រុងមូស្គូ នាពេលល្ងាច។

អាជ្ញាធរចរាចរណ៍ក្រុង បាននិយាយថា តាកុងរថយន្ត ត្រូវបានចាប់ខ្លួន និងបានប្រាប់ប៉ូលិសថា ខ្លួនគ្មានបំណងបើកចូលហ្វូងមនុស្សទេ ដោយសារតែបាត់បង់ការបញ្ជាលើរថយន្តតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ហើយតុលាការនឹងបើកសវនាការមួយ អំពីករណីនេះនៅថ្ងៃច័ន្ទ៕

មតិយោបល់