រុស្ស៊ីៈ រដ្ឋាភិបាលក្រុងវិមានក្រឹមឡាំង បានបញ្ជាក់ថា ខ្លួនពុំបានដឹងទ្បើយ អំពីកិច្ចប្រជុំកាលពីឆ្នាំ២០១៦ រវាងមេធាវីរុស្ស៊ីម្នាក់ ជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការផ្តល់ព័ត៌មាន ដើម្បីបំផ្លាញកិត្តិយសរបស់អតីតបេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោក ត្រាំ នោះទេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យរបស់រដ្ឋបាលរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា លោកមិនស្គាល់អ្នកស្រីមេធាវី Natalia Veselnitskaya នោះទេ ដោយបានលើកទ្បើងថា លោកក៏មិនអាចតាមដានគ្រប់សកម្មភាពមេធាវីរុស្ស៊ីទាំងអស់ រួមទាំងការទំនាក់ទំនងរបស់ពួកគេទៅក្រៅប្រទេសបានទ្បើយ។
ខណៈដែលមេធាវីអ្នកស្រី Veselnitskaya បានធ្លាប់អះអាងថា «អ្នកស្រីនឹងចែករំលែកព័ត៌មាន ដែលអាចធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការបោះឆ្នោតរបស់លោកស្រី Clinton»។
ប៉ុន្តែកូនប្រុសរបស់ប្រធានាធិបតី ត្រាំ គឺលោក Donald Trump Jr. ក៏បានឆ្លើយតបទៅវិញថា «ពុំមានព័ត៌មានលម្អិត ឬអ្វីបន្ថែមដែលត្រូវបានផ្តល់នោះទេ។ ហេតុដូច្នោះ រឿបំផ្លាញកិត្តិយសរបស់លោកស្រី Clinton គឺច្បាស់ណាស់ថា អ្នកស្រី Veselnitskaya មិនមានព័ត៌មានសំខាន់អ្វីទ្បើយ»៕
មតិយោបល់