កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាដាក់សម្ពាធកាន់តែខ្លាំងឡើងលើកូរ៉េខាងជើង តាមរយៈការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងរបបមួយនេះ បន្ទាប់ពីការសាកអាវុធល្បងនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ នេះបើយោតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកនាំពាក្យការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូ លោក Park Soo-hyun បាននិយាយនៅក្នុងសន្និសីទព័ត៌មាន តាមទូរទស្សន៍មួយថា «មេដឹកនាំទាំងពីរ (អាមេរិក-កូរ៉េខាងត្បូង) បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដាក់ទណ្ឌកម្មឲ្យកាន់តែខ្លាំងក្លា ប្រឆាំងទៅនឹងទង្វើបង្កហេតុរបស់កូរ៉េខាងជើង ដោយនឹងធ្វើឲ្យរបបមួយនេះ មានការទូតឯកោ រួមទាំងការរឹតបន្តឹងផ្នែកសេដ្ឋកិច្ចទៀតផង។
ប្រភពដដែលបានឲ្យដឹងទៀតថា លោក មូន និងលោក ត្រាំ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលចុងក្រោយបំផុត ពីសំណាក់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយបានព្រមព្រៀងគ្នាថា នឹងធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីអនុវត្តដំណោះស្រាយទណ្ឌកម្មថ្មីលេខ ២៣៧៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

មតិយោបល់