EU: គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃពុធថា ពន្ធសងសឹកពីសំណាក់បណ្តាប្រទេសនៅអឺរ៉ុប លើបញ្ជីផលិតផលរបស់អាមេរិក ដែលបានដំឡើងពន្ធនាំចេញឬចូលដែក និងអាលុយមីញ៉ូម ពីប្រទេសកាណាដា សហភាពអឺរ៉ុប ក៏ដូចជាម៉ិកស៊ិក នឹងត្រូវចូលជាធរមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
ចាប់តាំងពីដើមខែមិថុនាកន្លងមក សហភាពអឺរ៉ុប បានទទួលរងផលប៉ះពាល់ពន្ធគយ ២៥ %លើដែក និង ១០ %លើការនាំចូលអាលុយមីញ៉ូម ដែលបានកំណត់ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីផ្លាស់ប្តូរមូលដ្ឋានសន្តិសុខជាតិ។
លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានថ្លែងថា៖ «យើងមិនចង់ស្ថិតនៅក្នុងជំហរបែបនេះទេ។ ប៉ុន្តែការសម្រេចចិត្តដោយឯកតោភាគី និងអយុត្តិធម៌របស់អាមេរិក ក្នុងការដាក់ពន្ធនាំចេញឬចូលលើដែក និងអាលុយមីញ៉ូម ចំពោះសហភាពអឺរ៉ុប បានធ្វើឲ្យយើងមិនមានជម្រើសអ្វីផ្សេង ក្រៅពីការសងសឹកវិញទ្បើយ»។
សូមជំរាបថា ពន្ធសងសឹករបស់សហគមន៍អ៊ឺរ៉ុប នឹងកំណត់គោលដៅជាលើកដំបូងលើបញ្ជីទំនិញរបស់អាមេរិកមានតម្លៃ ២.៨ ពាន់លានអឺរ៉ូ ស្មើនឹង៣.២៤ ពាន់លានដុល្លារ៕
មតិយោបល់