ព័ត៌មានជាតិ

អាងខ្លួនជាមន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការរាជធានីភ្នំពេញ ជិះម៉ូតូបុកគូទរថយន្តគេពីក្រោយ ហើយទារឲ្យគេសងទៀត!

ភ្នំពេញៈ បុរសម្នាក់អាងខ្លួនជាមន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការរាជធានីភ្នំពេញ ជិះម៉ូតូទៅបុកគូទរថយន្តគេពីក្រោយ ហើយទារឲ្យអ្នកបើកបររថយន្តសងថ្លៃខូចខាតម៉ូតូរបស់ខ្លួនថែមទៀត។

ហេតុការណ៍បានកើតឡើងកាលវេលាម៉ោង១១និង៣៥នាទីថ្ងៃត្រង់ ទី២១ មិថុនា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តប់ខាងលិចមន្ទីរពេទ្យសែនសុខ(IU) តាមបណ្តោយផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីអ្នកបើកបររថយន្តឈ្មោះ ឌី ភេទប្រុស អាយុជាង២០ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានបើករថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A0187 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតខ្លួនបានជាន់ហ្វាំងឈប់រង់ចាំភ្លើងស្តុប(ភ្លើងក្រហហម) ពេលនោះស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1G9651 បើកបរដោយបុរសម្នាក់ឈ្មោះ ញឹម សុវណ្ណដេត អត្តលេខ (72178)ជាមន្ត្រីនគរបាលនៅការិយាល័យនគរបាលរាជធានីភ្នំពេញជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ជិះមកពីក្រោយហើយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងរថយន្តគាត់ពីក្រោយតែម្តង។

ក្រោយលោក ញឹម សុវណ្ណដេត បានរករឿងអ្នកបើកបររថយន្តនោះឲ្យឈប់ហើយទាមទាសំណង់ពីអ្នកបើកបររថយន្តនោះថែមទៀតផងធ្វើ ឲ្យប្រជាពលរដ្ឋដែលឃើញហេតុការណ៍ហួសចិត្តយ៉ាងខ្លាំង។ ដោយពួកគាត់លើកឡើងថាអាងខ្លួនជាមន្ត្រីនគរបាលជិះម៉ូតូទៅបុកគូទរថយន្តគេពីក្រោយហើយមិនកំហុសខ្លួនឯងបែរជាទាមទារឲ្យគេសងថ្លៃខូចខាតឲ្យខ្លួនទៀតពិតជាអន់ចរិកមែន។

ក្រោយកើតហេតុដោយសារតែអ្នកបើកបររថយន្តមិនចង់វែងឆ្ងាយក៏សុំសងថ្លៃខូចខាតម៉ូតូឲ្យទៅលោក ញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនោះចំនួន៥ម៉ឺនរៀល ដើម្បីបញ្ចប់រឿងប៉ុន្តែលោក ញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនោះមិនព្រមយកទេដោយទារគេឲ្យសងចំនួន៨ម៉ឺនរៀល។

ក្រោយមកក៏មាននគរបាលចរាចរខណ្ឌសែនសុខមកធ្វើការសម្របសម្រួលទើបលោក ញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនោះព្រមយកបញ្ចប់រឿង៕

មតិយោបល់