អ៊ីរ៉ង់ៈ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានរៀបរាប់ជុំវិញស្ថានភាពនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយព្រមានថា នឹងដកខ្លួនចេញពីវា នាប៉ុន្មានសប្តាហ៍ខាងមុខទៀត ប្រសិនបើក្រុងតេអេរ៉ង់ មិនទទួលបានការធានាផ្នែកហិរញ្ញវត្ថុ គ្រប់គ្រាន់ពីអឺរ៉ុបនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។
លោក Araghchi បានធ្វើការកត់សម្គាល់យ៉ាងដូច្នោះ កាលពីថ្ងៃសុក្រនៅក្រុងវីយែន បន្ទាប់ពីបណ្ដាប្រទេសហត្ថលេខី ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងមួយនេះ នៅតែបន្តទទួលស្គាល់ សម្រាប់ផែនការនៃសកម្មភាពរួមគ្នា (JCPOA) បានជួបប្រជុំគ្នានៅរដ្ឋធានីអូទ្រីស ដើម្បីពិភាក្សាពីអនាគតនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ក្រោយពីការសម្រេចចិត្តដកខ្លួនចេញរបស់អាមេរិក ដោយឯកតោភាគី កាលពីខែមុន។
ក្នុងនោះលោក Araghchi ក៏បានទាមទារក្រុមហ៊ុនអឺរ៉ុបនៅអ៊ីរ៉ង់ ត្រូវតែការពារពីការដាក់ទណ្ឌកម្មរបស់អាមេរិក និងបានស្នើឲ្យមានប្រតិបត្តិការប្រេងឆៅនៅអឺរ៉ុប តាមរយៈធនាគារអ៊ីរ៉ង់ នៅតែបន្តប្រតិបត្តិការដោយគ្មានបញ្ហាអ្វីទាំងអស់៕


មតិយោបល់