ថៃៈ កងកម្លាំងអាមេរិក និងអ្នកមុជទឹកជនជាតិអង់គ្លេសជាច្រើននាក់ បានមកដល់ប្រទេសថៃហើយ ដើម្បីជួយស្វែងរកក្រុមកីទ្បាករបាល់ទាត់វ័យក្មេង ១២ នាក់ រួមទាំងគ្រូបង្វឹករបស់ពួកគេម្នាក់ ដែលត្រូវគេជឿថា បានជាប់ក្នុងរូងភ្នំ ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជន់ក្នុងល្អាងភ្នំ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះថៃ បានប្រតិបត្តិការចូលរុករកពួកគេ ក្នុងរូងភ្នំអស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ តែនៅមិនទាន់មានដំណឹងទៀត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។
លោក Buncha Duriyapan មេបញ្ជាការកងយោធាទី ៣៧ នៅខេត្តឈៀងរ៉ៃ បាននិយាយថា ក្រុមកម្មករ នឹងធ្វើការខួងពីលើកំពូលភ្នំ ចុះទៅខាងក្រោមភ្នំ Tham Luan ដែលស្ថិតនៅភាគខាងជើងខេត្តឈៀងរ៉ៃ ដើម្បីបង្កើតច្រកចូលជំនួស សម្រាប់ផ្ដល់ភាពងាយស្រួល ដល់ក្រុមអ្នកជួយសង្គ្រោះ។
ដោយលោក Buncha បាននិយាយថា អ្នកមុជទឹកអង់គ្លេសចំនួន ៣នាក់ បានមកដល់ប្រទេសថៃ កាលពីថ្ងៃពុធ ហើយពួកគេបានជិះយន្ដហោះចូលទៅក្នុងរូងភ្នំ ដើម្បីធ្វើការវាយតម្លៃ។
សូមជំរាបថា ក្រុមកីទ្បាករបាល់ទាត់វ័យក្មេង និងគ្រូបង្វឹកទាំង ១៣នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅក្នុងល្អាងភ្នំនេះ ចំនួន ៥ថ្ងៃមកហើយ នៅតែមិនទាន់រកឃើញនោះទេ ខណៈពួកគេបានទុកកង់ និងស្បែកជើងរបស់ពួកគេ នៅខាងក្រៅល្អាងភ្នំ៕
មតិយោបល់