ចិនៈ តាមសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា កងកម្លាំងអាកាសចិន នឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងយន្តហោះដឹកជញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីធ្វើសមយុទ្ធអន្តរជាតិ នៅក្នុងខែកក្កដានេះ ដែលវាជាយុទ្ធសាស្ត្ររបស់ប្រទេស ក្នុងការជំរុញឲ្យមានចំណងទាក់ទងលើវិស័យការពារដ៏រឹងមាំមួយ ជាមួយរដ្ឋាភិបាលបរទេសមួយចំនួន ជាក់ស្ដែងគឺទីក្រុងម៉ូស្គូនៅពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យរបស់កងរំដោះប្រជាជនចិន បាននិយាយថា អ្នកបើកយន្តហោះទម្លាក់គ្រាប់បែក Xian H-6K ជាច្រើននាក់របស់ចិន ដែលកំពុងល្បាតនៅសមុទ្រចិនខាងត្បូង និងតៃវ៉ាន់ នឹងចូលរួមនៅក្នុងសមយុទ្ធនាថ្ងៃទី២៨ ខែកក្កដានេះ ដែលស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី និងផ្នែកខ្លះៗនៃតំបន់ Caucasus ជាលើកដំបូង។
កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពអាកាស (PLA) របស់ប្រជាជនចិន បានបញ្ជាក់ថា ពួកគេនឹងចូលរួមជាមួយ រុស្ស៊ី បេឡារុស្ស អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន អាមេនី និងអ៊ីរ៉ង់ សម្រាប់សមយុទ្ធអន្តរជាតិនេះ៕
មតិយោបល់