ព័ត៌មានអន្តរជាតិ

តួកគី ប្រកាសដករដ្ឋចេញពីគ្រាអាសន្ន

តួកគីៈ ទីភ្នាក់ងារព័ត៌មាន Anadolu បានរាយការណ៍ថា រដ្ឋាភិបាលតួកគី នៅថ្ងៃព្រហស្បតិ៍នេះ បានដករដ្ឋខ្លួនចេញពីភាពអាសន្ន បន្ទាប់ពីប្រទេសមួយនេះ បានស្ថិតក្នុងគ្រាអាសន្នអស់រយៈពេលពីរឆ្នាំកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។

រដ្ឋលេខាធិការរបស់ប្រធានាធិបតីតួកគី គឺលោក Ibrahim Kalin បានប្រកាសសេចក្តីសម្រេចចិត្តនេះ កាលពីសប្តាហ៍មុន ប៉ុន្តែក៏បានព្រមានផងដែរថា រដ្ឋាភិបាលអាចដាក់វាឡើងវិញ ក្នុងករណីប្រសិនបើមានការគំរាមកំហែងភេរវករសារជាថ្មី។

ក្នុងនោះលោក Kalin បានបន្ថែមថា «ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម នឹងត្រូវបន្ត ដូចនេះបើមានការគំរាមកំហែងណាមួយនោះ ការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នឹងត្រូវបានអនុវត្តម្តងទៀត»។

សូមជំរាបថា ការដាក់ប្រទេសក្នុងភាពអាសន្ន ត្រូវបានធ្វើទ្បើងជាលើកដំបូង បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារត្រូវបរាជ័យ កាលពីខែកក្កដា ឆ្នាំ ២០១៦ ហើយវាត្រូវបានពន្យារពេល ក្នុងដកវាចេញជាច្រើនដង ចាប់តាំងពីពេលនោះមក៕

មតិយោបល់