រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធ បានគំរាមបង្កើតមីស៊ីល បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់ ក្រោមសន្ធិសញ្ញា ជាមួយអាមេរិក បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានកំណត់រយៈពេលឲ្យទីក្រុងម៉ូស្គូ អនុវត្តតាមកិច្ចព្រមព្រៀង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។
ភាពតានតឹងចុងក្រោយបំផុតរវាងប្រទេសទាំងពីរ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា ក្រុងវ៉ាស៊ីនតោន នឹងដកខ្លួនចេញពីសន្ធិសញ្ញាសង្រ្គាមត្រជាក់ ដែលកំណត់ព្រំដែនអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេល ៦០ ថ្ងៃ ប្រសិនបើរុស្ស៊ី មិនបានរុះរើនូវប្រព័ន្ធអាវុធមីស៊ីល ដែលអាមេរិក អះអាងថា បានរំលោភកិច្ចព្រមព្រៀងខាងលើ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ពូទីន បានធ្វើការច្រានចោលនូវសេចក្តីថ្លែងការណ៍របស់លោក Pompeo ផងដែរ ចំពោះការលើកទ្បើងថា ក្រុងវ៉ាស៊ីនតោន បានសម្រេចរួចជាស្រេច ដើម្បីបោះបង់ចោលសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ។
ខណៈប្រមុខមេដឹកនាំវិមានក្រឹមឡាំងរូបនេះ បាននិយាយថា ពួកគេ (អាមេរិក) គិតថា យើង (រុស្ស៊ី) នឹងមិនបានដឹង ឬកត់សម្គាល់នូវទង្វើរបស់ពួកគេទ្បើយ ដោយលោកអះអាងថា មន្ទីរបញ្ចកោណ បានកំណត់ចំនួនទឹកប្រាក់ សម្រាប់ការអភិវឌ្ឍអាវុធមីស៊ីល ដែលត្រូវបានហាមឃាត់ដោយសន្ធិសញ្ញា។
ក្នុងនោះលោក បានបញ្ជាក់ទៀតថា រុស្ស៊ីនឹងប្រឆាំងដាច់ខាត ចំពោះការបំផ្លាញសន្ធិសញ្ញានេះ ប៉ុន្តែប្រសិនបើរឿងនេះកើតឡើងមែននោះ ក្រុងម៉ូស្គូក៏នឹងប្រតិកម្មតាមផងដែរ៕
មតិយោបល់