អាមេរិកៈ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា សហគមន៍អន្តរជាតិ ត្រូវតែបន្តដាក់សម្ពាធលើរដ្ឋាភិបាលកូរ៉េខាងជើង ដើម្បីឲ្យបោះបង់ចោលនូវការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។
ការលើកទ្បើងរបស់លោក Pompeo នេះ បានធ្វើទ្បើងបន្ទាប់ពីជំនួបរយៈពេលខ្លីមួយ កាលពីថ្ងៃសុក្រ នៅឯអង្គការសហប្រជាជាតិ ក្នុងបូរីញូយ៉ក ដោយលោកបញ្ជាក់ថា «ការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងមួយ គឺជាវិធានការសំខាន់បំផុត ដើម្បីឲ្យយើងអាចឈានទៅរកការសម្រេចគោលដៅ។
ក្នុងនោះលោក ក៏បានបន្ថែមថា នៅពេលដែលការដាក់ទណ្ឌកម្មមិនត្រូវបានអនុវត្ត ក្តីសង្ឃឹម ដើម្បីធ្វើឲ្យកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរ នឹងត្រូវបានថមថយ»។
ជុំវិញបញ្ហានវ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានព្រមានផងដែរថា កូរ៉េខាងជើងកំពុងព្យាយាមបញ្ចៀសការដាក់ទណ្ឌកម្ម ដោយការរត់ពន្ធប្រេងចូលក្នុងប្រទេស តាមសមុទ្រដែលមានចំនួនច្រើនជាងអ្វីដែលត្រូវបានអនុញ្ញាត នៅក្រោមការដាក់ទណ្ឌកម្មរបស់ UN៕

មតិយោបល់