ព័ត៌មានអន្តរជាតិ

Update៖ ភ្លើងឆេះ​ព្រៃ​នៅ​ក្រិច មនុស្ស​កើនទ្បើង​ដល់​៧៤​នាក់ហើយ

ក្រិចៈ វាជាសោកនាដកម្មមួយដ៏រន្ធត់ជាទីបំផុត ខណៈដែលមនុស្សយ៉ាងហោចណាស់ ៧៤នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីភ្លើងឆេះព្រៃបានលេបត្របាក់រមណីយដ្ឋានមួយ បណ្ដាលឲ្យប្រជាជនជាប់នៅក្នុងរថយន្ត និងនៅលើច្រាំងថ្មចោតៗ ខណៈអ្នកខ្លះទៀត បានបង្ខំចិត្តលោតទម្លាក់ខ្លួន ពីច្រាំងថ្មខ្ពស់ ដើម្បីរួចផុតពីសេចក្ដីស្លាប់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា រថយន្តរាប់សិបគ្រឿង នៅតាមបណ្តាវិថី ក្នុងទីប្រជុំជនមាត់សមុទ្រខាងកើតទីក្រុងអាថែន បានក្លាយទៅជាចំណីភ្លើង ហើយសាកសពមនុស្សជាច្រើន ត្រូវបានគេប្រទះឃើញនៅតាមចិញ្ចើមផ្លូវ និងនៅតំបន់មួយ ដែលជនរងគ្រោះទាំងនោះ
ទំនងជាត្រូវបានបញ្ចប់ជីវិតនៅទីនោះ ក្នុងពេលរកផ្លូវចេញ។

អ្នករស់រានភាគច្រើន អាចមានសំណាងដោយសារពួកគេ បានលោតចុះពីលើច្រាំងថ្មមកក្រោម ឬប្រញាប់ចេញពីឆ្នេរចូលក្នុងសមុទ្រ។

សូមជំរាបថា មនុស្សយ៉ាងតិច ១៨៧ នាក់បានរងរបួស ក្នុងនោះ២៣នាក់ជាកុមារ ដោយតួលេខអ្នកស្លាប់ និងរបួសពិតប្រាកដ នៅពេលនេះ គេមិនទាន់អាចដឹងច្បាស់នោះទេ ដោយសារតែទូកនេសាទ ទូកកម្សាន្ត និងនាវានៃកងទ័ពជើងទឹកក្រិច កំពុងរួមគ្នាដឹកជម្លៀសមនុស្សចេញពីឆ្នេរ៕

មតិយោបល់