អាមេរិកៈ ស្ទើរតែមួយសប្តាហ៍មុនពេល កិច្ចប្រជុំកំពូលលើកទីពីរ ជាមួយលោក គីម ជុងអ៊ុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ឲ្យកូរ៉េខាងជើង បញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែក៏មិនចាំបាច់ប្រញាប់ពេកទ្បើយ សម្រាប់ក្រុងព្យុងយ៉ាង ដើម្បីធ្វើវានោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅឯព្រឹត្តិការណ៍សេតវិមាន កាលពីថ្ងៃអង្គារលោក ត្រាំ បាននិយាយថា ប្រសិនបើកូរ៉េខាងជើង មិនបន្តធ្វើតេស្តនុយក្លេអ៊ែរតទៀតនោះ របបលោក គីម ក៏មិនស្ថិតនៅក្រោមសម្ពាធគោលនយោបាយការបរទេស ដើម្បីសម្រេចឲ្យប្រទេសនេះ បោះបង់ចោលអាវុធនុយក្លេអ៊ែរទ្បើយ។
ដោយពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ បានថ្លែងប្រាប់ថា លោកមិនបានកំណត់ពេលវេលាជាក់លាក់ បន្ទាន់ណាមួយ ដើម្បីដាក់សម្ពាធកូរ៉េខាងជើង ជុំវិញបញ្ហានេះទេ។
ក្នុងនោះលោក ត្រាំ បាននិយាយថា ជំនួបលើកទីពីររបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី ២៧ និង ២៨ ខែកុម្ភៈខាងមុខ ក្នុងទីក្រុងហាណូយប្រទេសវៀតណាម នឹងមានភាពរំភើបយ៉ាងខ្លាំង ប៉ុន្តែលោកមិនបានបង្ហាញព័ត៌មានលម្អិត អំពីអ្វីដែលលោកសង្ឃឹមថា នឹងទទួលបាននោះទេ៕
មតិយោបល់