ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសមិនចូលរួមកិច្ចចរចាដោយឯកតោភាគី ជាមួយអាមេរិកទ្បើយ ខណៈស្ថិតក្រោមការគំរាមកំហែង

អ៊ីរ៉ង់: អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qassemi បាននិយាយថា ប្រទេសរបស់លោក នឹងមិនចូលរួមក្នុងការចរចា ដោយឯកតោភាគី ជាមួយអាមេរិកទ្បើយ ខណ:ដែលកំពុងស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។

ដកស្រង់សម្តីលោក Qassemi ដោយទីភ្នាក់ងារព័ត៌មាន Tasnim កាលពីថ្ងៃពុធ បាននិយាយថា «អាមេរិកគួរតែបំភ្លេចគំនិត ដែលចង់ចរចាដោយឯកតោភាគី ជាមួយអ៊ីរ៉ង់ចោលទៅ ព្រោះវានឹងមិនកើតទ្បើងទ្បើយ ស្របពេលដែលអ៊ីរ៉ង់ កំពុងស្ថិតក្រោមស្រមោល នៃការគំរាមកំហែងនោះ»។

ដោយការកត់សម្គាល់របស់លោក បានកើតឡើងនៅក្នុងប្រតិកម្ម ទៅនឹងសេចក្តីថ្លែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ដែលបាននិយាយថា លោកត្រៀមខ្លួនរួចហើយ ដើម្បីធ្វើកិច្ចព្រមព្រៀងពិតប្រាកដ ជាមួយអ៊ីរ៉ង់។

សូមជំរាបថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិក បានកើតទ្បើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងគំរាមដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់៕

មតិយោបល់