ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋាភិបាល​ក្រុងប៉េកាំង​ក្តៅស្លឹកត្រចៀក ក្រោយសំដីមួយម៉ាត់របស់លោកTrump

ចិនៈ រដ្ឋាភិបាល​ក្រុងប៉េកាំង ​កាលពីថ្ងៃ​ចន្ទ​ បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ក្រោយ​​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិកលោក Donald Trump បានលើកទ្បើងថា ​អាមេរិក​គ្រាំទ្រគោល​នយោបាយ​​ចិន​តែ​មួយ ដរាប​ណា​រដ្ឋាភិបាល​ចិន​ផ្ដល់​សម្បទាន​ពាណិជ្ជកម្ម និងលក្ខខណ្ឌផ្សេងទៀត ជាមួយក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា គោល​នយោបាយ​នេះ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក-​ចិន និងបាន​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​លោក Trump ស្វែង​យល់​ឲ្យ​បាន​ហ្មត់ចត់ចំពោះ​បញ្ហា​នេះ។

កាសែត​រដ្ឋ​ចិន Global Times បាន​ចុះផ្សាយ​ថា លោក Trump ខ្វះ​ការ​ពិចារណាដែល​គិត​ថា លោក​អាច​ប្រើ​ប្រាស់​គោល​នយោបាយ​តៃវ៉ាន់​នេះ ដើម្បី​ជះ​ឥទ្ធិពល​ដល់​ការ​ចរចា​សេដ្ឋកិច្ច ហើយ​ថា លោក Trump ចាំបាច់​ត្រូវ​រៀន​ដោះស្រាយ​បញ្ហា​កិច្ចការ​បរទេស​ឲ្យ​បាន​សមរម្យ។

កាសែត​នេះ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រសិន​បើ​លោក Trump គាំទ្រ​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់ ឬ​ក៏​គាំទ្រ​ការ​លក់​អាវុធ​ដល់​តៃវ៉ាន់ ប្រទេស​ចិន នឹង​មិន​មាន​ហេតុផល​ណា​មួយ ដើម្បី​ធ្វើ​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន លើ​កិច្ចការ​អន្តរជាតិ​នោះ​ទេ ហើយ​ប្រទេស​ចិន​អាច​ផ្ដល់​ការ​គាំទ្រ​ផ្នែក​យោធា និង​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ដល់​គូរ​បដិបក្ខ​របស់​សហរដ្ឋ​អាមេរិក៕

សូមជំរាបថា នៅ​ក្នុង​ឆ្នាំ១៩៧៩ សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងថា ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់​របស់​ប្រទេស​ចិន ដោយ​ក្នុង​នោះ បាន​ទទួល​ស្គាល់​គោល​ជំហរ​ចិន​តែ​មួយ ហើយ​តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន៕

មតិយោបល់