អ៊ីរ៉ង់ៈ កងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) ហាក់ដូចជាកំពុងត្រៀមខ្លួន សម្រាប់ការបង្ហាញកម្លាំងទ័ពដ៏សំខាន់មួយ នៅច្រកសមុទ្រហូមូស ដែលជាច្រកតែមួយគត់នៃឈូងសមុទ្រពែក្ស ដើម្បីសម្ញែងពីសមត្ថភាពរបស់ពួកគេជាយុទ្ធសាស្រ្ត ក្នុងការបិទផ្លូវទឹកដ៏សំខាន់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។
ទីបញ្ជាការកណ្តាលរបស់អាមេរិក បានបង្ហោះសារកាលពីថ្ងៃពុធថា កងកម្លាំងអាមេរិក កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធនូវស្ថានភាពនៅពេលនេះ ដោយអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធា ក្នុងរយៈពេល ៤៨ ម៉ោង។
លោក Bill Urban អ្នកនាំពាក្យបញ្ជាការកណ្តាលរបស់យោធាអាមេរិក បាននិយាយថា យើងបានដឹងពីការកើនឡើង នៅក្នុងប្រតិបត្តិការរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រអារ៉ាប់ ច្រកសមុទ្រហូមូស និងឈូងសមុទ្រអូម៉ង់ ដោយយើង កំពុងតាមដានយ៉ាងដិតដល់ ហើយនឹងបន្តធ្វើការជាមួយដៃគូរបស់យើង ដើម្បីធានាឲ្យបាននូវសេរីភាព នៃការធ្វើនាវាចរ ក៏ដូចជាលំហូរដោយសេរីនៃពាណិជ្ជកម្ម នៅក្នុងផ្លូវទឹកអន្តរជាតិផងដែរ។
ក្នុងនោះលោក បានបន្ថែមថា « អាមេរិក នឹងនៅតែបន្តការតស៊ូមតិ ទៅលើកងកម្លាំងសមុទ្រទាំងអស់នោះ ដើម្បីឲ្យពួកគេ (អ៊ីរ៉ង់) អនុលោមតាមស្តង់ដារ និងច្បាប់ផ្លូវទឹកអន្តរជាតិ»។
សូមជំរាប់ថា ច្រកសមុទ្រហូមូស គឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ ដោយ ២០ ភាគរយនៃប្រេងឆៅទូទាំងពិភពលោក ត្រូវបានដឹកជញ្ជូនឆ្លងកាត់ តាមផ្លូវទឹកនេះ ដែលវាមានទទឹងត្រឹមតែ ២៩ ម៉ាយល៍ប៉ុណ្ណោះ នៅចំណុចតូចចង្អៀតបំផុតរបស់វា៕
មតិយោបល់