ព័ត៌មានជាតិ

នារីម្នាក់បើករថយន្តហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AG-9283 ពន្លះទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយនារីម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌សមួយគ្រឿងក្នុងល្បឿនលឿនពេក ទាញទូរសព្ទមកជ្រុះក៏អោនរើស ទើបបណ្តាលឲ្យរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ រងការខូចខាតទ្រូងផ្លូវវៀចចេញពីជួរ១កង់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-9283 បើកតាមបណ្តោយផ្លូវ ព្រះសីហនុទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ហើយជិតដល់កន្លែងកើតហេតុផ្លូវបែកជាបួនក៏មានអ្នកខលមកក៏ទាញទូរសព្ទមកទទួលតែធ្លាក់ទូរសព្ទទៅក្រោមជើងក៏អោនរើស ងើបមកវិញបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យទ្រូងផ្លូវវៀចចេញពីជួរមួយកង់។ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ផ្ទុះពោងសុវត្ថិភាពទាំង២ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តក៏ប្រមូលអីវ៉ាន់ចេញពីរថយន្តអស់រត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុ វាស់វែងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់