ព័ត៌មានជាតិ

ជនជាតិកូរ៉េ រយ៉ែរថយន្តម៉ាកហាយឡែនឌ័រ ចេញពីអាផាតមិនDe-Castle Royalបុកកង់បី របួសធ្ងន់ម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយបុរសម្នាក់ជាជនជាតិកូរ៉េ បើករថយន្តថយចេញពីអាផាតមិន DeCastle Royal ក្នុងល្បឿនលឿនពេក ជ្រុលទៅបុកកង់បីយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសដែលបើកកង់បីនោះរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ (មុខអាផាតមិន ឌីខាស សល រ៉ូយ៉ាល់) ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិកូរ៉េ បើករថយន្តម៉ាកហាយឡែនឌ័រ ស៊េរីថ្មី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-8120 បើកតាមបណ្តោយផ្លូវ២៩៤ បត់ចូលអាផាតមិន DeCastleRoyal ហើយមិនដឹងយ៉ាងម៉េច ក៏ដាក់លេខរយ៉ែថយក្នុងល្បឿនលឿន ក៏មានម៉ូតូកង់បីបើកបរដោយបុរសម្នាក់បើកស្របទិសដៅគ្នា ហើយរថយន្តហាយឡែនឌ័រនោះក៏បានបុកយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីនោះរងការខូចខាតយ៉ាងដំណំ បង្កឲ្យអ្នកបើកកង់បីរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរថយន្តរងការខូចខាតផ្នែកខាងក្រោយបន្តិច ។

ក្រោយពេលកើតហេតុខាងភាគីរថយន្តជនជាតិកូរ៉េនោះចុះមកឡូឡា ហើយក៏ឡើងរថយន្តទៅជាមួយមិត្តភក្តិទៅបាត់ ដោយតេហៅក្រុមហ៊ុនធានារ៉ាប់រងឲ្យមកដោះស្រាយជំនួស ហើយខាងភាគីម៉ូតូកង់បីទារសំណងចំនួន១៥០០ដុល្លារ ទៅមើលអ្នករងរបួសធ្ងន់និងធ្វើម៉ូតូឡើងវិញ តែខាងធានារ៉ាប់រងមិនព្រម ក៏ហៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់