ព័ត៌មានអន្តរជាតិ

យោធាអេហ្ស៊ីប សម្លាប់ក្រុមសកម្មប្រយុទ្ធ ៥២នាក់ នៅឧបទ្វីបស៊ីណៃ

អេហ្ស៊ីបៈ ក្រុមសកម្មប្រយុទ្ធចំនួន ៥២ នាក់ ត្រូវបានកងកម្លាំងអេហ្ស៊ីបសម្លាប់នៅឧបទ្វីបស៊ីណៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការលុបបំបាត់ក្រុមប្រដាប់អាវុធ នៅតំបន់វាលខ្សាច់ ដែលមានប្រជាជនតិចតួចប៉ុណ្ណោះរស់នៅទីនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ កងកម្លាំងសន្ដិសុខអេហ្ស៊ីប បាននិយាយថា ខ្លួនបានបន្ថែមនូវរថយន្តចំនួន ១៥ គ្រឿង ដែលផ្ទុកដោយអាវុធ និងគ្រាប់កាំភ្លើង ចូលទៅកាន់តំបន់ព្រំដែនភាគខាងលិច និង ១៧ គ្រឿងបន្ថែមទៀត នៅក្នុងតំបន់យោធាភាគខាងត្បូង។

ខណៈប្រតិបត្តិការនៅភាគខាងជើង និងកណ្តាលនៃឧបទ្វីបស៊ីណៃ យោធាអេហ្ស៊ីប ក៏បានចាប់ខ្លួនពួកសកម្មប្រយុទ្ធចំនួន ៤៩ នាក់ នៅក្នុងការវាយឆ្មក់រួមគ្នា ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធ និងប៉ូលិសផងដែរ។

សូមជំរាបថា ក្រុមសកម្មប្រយុទ្ធជាង ៣០០ នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់កងទ័ពអេហ្ស៊ីប ដែលគាំទ្រដោយប៉ូលិស និងកងកម្លាំងសន្តិសុខផ្សេងទៀត ដែលវាបានចាប់ផ្តើមកាលពីខែកុម្ភៈ ជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីលុបបំបាត់ក្រុមប្រដាប់អាវុធ នៅក្នុងការឆ្លើយតបចំពោះការកើនឡើង នៃអំពើហឹង្សា ក្នុងតំបន់វាលខ្សាច់៕

មតិយោបល់