ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ៉ង់ ប្រកាសមិនអាចធ្វើកិច្ចចរចា ជាមួយអាមេរិកបានទ្បើយ ខណៈប្រទេសខ្លួន កំពុងស្ថិតក្រោមទណ្ឌកម្មនោះ

អ៊ីរ៉ង់: ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន រ៉ូហានី បានប្រកាសថា ក្រុងតេអេរ៉ង់ មិនអាចចូលតុចរចារ ជាមួយរដ្ឋបាលដែល មិនគួរជាទុកចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទ្បើយ ដរាបណាប្រទេសលោក កំពុងស្ថិតក្រោមស្រមោល នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។

លោក រ៉ូហានី បានធ្វើអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍មួយកាលពីយប់ថ្ងៃច័ន្ទ ពោលគឺប៉ុន្មានម៉ោង មុនពេលការដាក់ទណ្ឌកម្មជុំទី១ ដោយឯកតោភាគីរបស់អាមេរិក បានចូលជាធរមាន កាលពីថ្ងៃអង្គារ។

ដោយលោកបាននិយាយថា «អ្នក (អាមេរិក) មិនអាចរំពឹងថា នឹងមានកិច្ចពិភាក្សា ចំពោះបុគ្គលណាម្នាក់ បន្ទាប់ពីអ្នកយកកាំបិតទៅចាក់គេរួច ហើយដកកាំបិតចេញពីក្នុងខ្លួនគេវិញនោះទេ»។

ក្នុងនោះលោក រ៉ូហានី បានបន្ថែមថា អាមេរិក បានបង្ហាញភាពជាដៃគូនៃកិច្ចចរចា ដែលមិនគួរឲ្យទុកចិត្តបានទ្បើយ បន្ទាប់ពីពួកគេបានសម្រេចចិត្ត ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុជាតិ ជាមួយអ៊ីរ៉ង់ ហើយត្រលប់មកដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងតេអេរ៉ង់វិញនោះ៕

មតិយោបល់