ភ្នំពេញៈ គេនៅមិនទាន់ភ្លេចទេ នូវករណីដែលលោក ហេង កេសរោ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង ជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធ សំណុំរឿងហិង្សា មានស្ថានទម្ងន់ទោស ក្រោយមកត្រូវលោក សឿ ឡងឌី ជាតំណាងអយ្យការប្តឹងឧទ្ធរណ៍ ប្រឆាំងការដោះលែងនោះ។
ជនជាប់ចោទដែលលោកចៅក្រម ហេង កេសរោ សម្រេចដោះលែងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅមានឈ្មោះ Yang Shi Xioa ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន ហ្គ្រេនសាមមីត អ៊ីនធ័រណេសសិនណល ដែលគេដឹងថា ជាមេខ្លោងប្រព្រឹត្តបទល្មើស ហិង្សាមានស្ថានទម្ងន់ទោស និងកំហែងយករថយន្តរបស់ជនរងគ្រោះឈ្មោះ Lai Chu Wan។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួន ជនត្រូវចោទចំនួន ២នាក់ ដែលជាបក្ខពួក របស់ឈ្មោះ Yang Shi Xioa បញ្ជូនទៅតុលាការ។
ប្រភពបន្ថែមថា ជនត្រូវចោទទាំង ២នាក់ទី១ឈ្មោះ Chang Yu Min និងទី២ឈ្មោះ Xiao Jiun Hong ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៥១៨ ដ.ច.ន ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ និងដីកា លេខ៥៣៣ ដ.ច.ន ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។
ក្រៅពីជនត្រូវចោទទាំង ២នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ខាងលើនេះ សមត្ថកិច្ច ក៏កំពុងបន្តតាមចាប់ខ្លួន បក្ខពួក ដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ យកមកផ្តន្ទាទោស តាមច្បាប់ផងដែរ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ជនត្រូវចោទឈ្មោះ Yang Shi Xioa បាននាំបក្ខពួកចំនួន ៣នាក់ទៀត ទៅជួបជនរងគ្រោះឈ្មោះ Lai Chu Wan នៅផ្ទះលេខ១៣ ផ្លូវលេខ៣ បុរីពិភពថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីទារលុយដែលជំពាក់ ចំនួន ២២ម៉ឺនដុល្លារ។
ដោយសារជនរងគ្រោះ មិនទាន់មានលុយសង ទើបបក្ខពួក របស់ជនត្រូវចោទ បានយកពែងតែ គប់ជនរងគ្រោះ បែកក្បាល និងបាននាំគ្នាគំរាម ជនរងគ្រោះ ឲ្យផ្តិតមេដៃ លើកិច្ចសន្យា បញ្ចាំរថយន្តម៉ាក Mercedes 500 មួយគ្រឿង ឲ្យទៅជនត្រូវចោទ ជាថ្នូរនឹងការសងប្រាក់គ្រប់ចំនួន។
ក្រោយទទួលបាន ពាក្យបណ្តឹងពីជនរងគ្រោះ ទើបកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនត្រូវចោទ ឈ្មោះ Yang Shi Xioa ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន ហ្គ្រេនសាមមីត អ៊ីនធ័រណេសសិនណល រស់នៅផ្ទះលេខ ៥កា ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកទៅសាកសួរ ដោយសន្និដ្ឋានថាបានប្រព្រឹត្តបទល្មើស ហិង្សាមានស្ថានទម្ងន់ទោស និងបទល្មើស កំហែងយក រួចក៏បញ្ជូនខ្លួនជនត្រូវចោទទៅតុលាការចាត់ការតាមច្បាប់ ប៉ុន្តែក្រោយមកត្រូវលោកចៅក្រម ហេង កេសរោ សម្រេចដោះលែងវិញ៕
មតិយោបល់