ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយនៅក្នុងការចោទប្រកាន់ដ៏កម្រមួយ ចំពោះទីក្រុងប៉េកាំង ខណៈលោកចង់ឲ្យចិន ពិចារណាឡើងវិញ អំពីការប្រព្រឹត្ដរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង ដោយលោកលើកទ្បើងថា ចិនពុំមានសិទ្ធិបង្ខំឲ្យយន្តហោះ និងទូកបរទេស ចាកចេញពីដែនទឹក កំពុងមានជម្លោះនោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។
លោក Duterte បាននិយាយថា លោកសង្ឃឹមថា ប្រទេសចិននឹងសម្រួលឥរិយាបថរបស់ខ្លួន ហើយបញ្ឈប់ការរឹតត្បិត ចំពោះដំណើរឆ្លងកាត់ទៅទីនោះ ដែលអាចនាំឲ្យមានការប្រឈមមុខដាក់គ្នា ជាមួយបណ្ដាលប្រទេសជាសម្ព័ន្ធមិត្តនៃសន្ធិសញ្ញាអាមេរិក។
ក្នុងនោះលោក បានបន្ថែមថា ប្រទេសហ្វីលីពីន បានខិតទៅជិតបំផុត នៃការប្រឈមមុខនឹងគ្រោះថ្នាក់មួយនេះ។
សូមជំរាបថា ប្រទេសចិន កោះតៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងប្រ៊ុយណេជាដើម កំពុងមានវិវាទលើប្រជុំកោះ Spratly ដែលប្រទេសចិន បានបង្វែរតំបន់ថ្មប៉ប្រះទឹកនៅដែនទឹកជម្លោះ ក្លាយទៅជាកោះសិប្បនិម្មិត ដែលទំនងជាទីតាំងដំឡើងប៉ុស្ដិ៍យោធា ហើយបានបញ្ជាឲ្យនាវាបរទេសចាកចេញពីទីនោះផងដែរ។
លោក Duterte បានថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារថា៖ «ក្រុងប៉េកាំង ត្រូវតែគិតឡើងវិញចំពោះសកម្មភាពមួយនេះ ពីព្រោះវានឹងក្លាយជាបញ្ហាមួយ នៅថ្ងៃណាមួយ»៕
មតិយោបល់