ព័ត៌មានជាតិ

មេប៉ុស្តិ៍កាកាប១ មុខជូរជាងផ្លែក្រូចឆ្មារ ខណៈដែលបទល្មើសចោរឆក់កើតមានស្ទើររាល់ថ្ងៃ នៅខណ្ឌពោធិ៍សែនជ័យ!

ភ្នំពេញៈ លោកនាយប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលបទល្មើសចោរឆក់ កាបូប ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិសាស្រ្តរបស់សង្កាត់កាកាប១ ក្នុងមួយថ្ងៃ១លើកទៅ២លើក ថ្ងៃខ្លះមានរហូតដល់៣លើក ស្ទើរតែរាល់ថ្ងៃទៅហើយ ធ្វើឲ្យលោកមេប៉ុស្តិ៍ វិលមុខ ជូរជាងផ្លែក្រូចឆ្មារទៅទៀត ទោះជាកម្លាំងជំនួយជួយដេញតាមចាប់ជនសង្ស័យឆក់កាបូប បាន២នាក់ថ្មីៗ កាលពីព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ សាកសួរ និងកសាងសំណុំរឿង មិនទាន់ទាំងចប់ផង។

ស្រាប់តែនៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះក្រុមចោរឆក់មិនខ្លាចជាមួយ លោកមេប៉ុស្តិ៍ បានធ្វើសកម្មភាពឆក់កាបូបពីអ្នកដំណើរ ចំនួន២លើកផ្ទួនៗគ្នា លើទីតាំងតែមួយ លើកទី១ ចោរឆក់កាបូប របស់ជនជាតិចិន កំពង់ជិះម៉ូតូកង់បី ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុច មុខ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មុខព្រលានយន្តហោះ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង២០នាទី រសៀលថ្ងៃទី១៥ ខែសីហា លុះនៅវេលាម៉ោង១២និង៣០នាទី រសៀល បន្ទាប់ជនសង្ស័យ ២នាក់ ជិះម៉ូតូ ស្កុបពីមួយគ្រឿង ធ្វើសកម្មភាពឆក់ កាបូបស្ពាយ ពីស្រ្តីម្នាក់ ឈ្មោះ ឡុង សុវណ្ណ អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិគុម្ពូតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈដែលស្រ្តីរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N-4336 ធ្វើដំណើរវិលត្រឡប់ មកពីពិនិត្យសុខភាពនៅមន្ទីរពេទ្យវិញ ដោយធ្វើដំណើរ ក្នុងបំណងទៅផ្ទះ ជិះលើផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិច ដល់មុខអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានជនសង្ស័យគ្នា២នាក់ ជិះម៉ូតូស្កុបពី ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ មកឆក់យកកាបូបទៅបាត់ ដោយសុវត្ថិភាព។

តាមសម្តីជនរងគ្រោះបានយំរៀបរាប់ឲ្យដឹងថា ក្នុងកាបូប មានលុយខ្មែរជាង១លានរៀល ប្រាក់ដុល្លារ ជិត១ពាន់ដុល្លារ ទូរស័ព្ទដៃមួយគ្រឿង ថ្នាំពេទ្យ និងឯកសារ សម្ភារៈមួយចំនួនទៀត។

សកម្មភាពបទល្មើសចោរឆក់កើតមាន ច្រើនលើកច្រើនសារ លើដងផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះ ក្នុងភូមិសាស្រ្ត សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នាពេលបច្ចុប្បន្ន ដូចជាកើតមានច្រើន ស្ទើតែរាល់ថ្ងៃទៅហើយ ត្រូវបានប្រជាពលរដ្ឋរិះគន់ ទៅលើលោក ប៉ាល់ យុត្ថា មេប៉ុស្តិ៍កាកាប១ គ្មានផែនការ ការពារ បង្ក្រាប បទល្មើសចោរឆក់ សូម្បីតែចាប់ចោរឆក់ កាលពីព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ក៏មិនមែនកម្លាំងរបស់ប៉ុស្តិ៍ ដេញបង្ក្រាបចាប់បានដែរ ពោលកម្លាំងផ្សេង ឡើងទៅសហការជួយចាប់ទៅវិញទេ។

ពលរដ្ឋបានខ្សឹបខ្សៀវគ្នាថា លោក មេប៉ុស្តិ៍កាកាប១ ពេលនេះ ដោយសារបទល្មើសចោរឆក់ច្រើនក្នុងមូលដ្ឋានរបស់លោក ហើយបង្ក្រាបមិនបាន រហូតដល់លោកមេប៉ុស្តិ៍ ប្រើយុទ្ធសាស្រ្ត ជួលកម្លាំងផ្សេង ទោះជាខុសជំនាញ ខុសវេនប្រចាំក៏ដោយ ក្នុងករណីអ្នកណាចាប់ចោរឆក់ ក្នុងភូមិសាស្រ្តរបស់លោកបាននិងមានសារគុណឲ្យ។

ពលរដ្ឋបន្តទៀតថា លោកមេប៉ុស្តិ៍ ថ្វីត្បិតចាប់ខ្លួនជនសង្ស័យ២នាក់ បានពិតមែន បទល្មើសឆក់ មិនបានស្ងប់ស្ងាត់ឡើយ មួយភ្លែតកើតមានករណីឆក់ ២លើកផ្ទួនគ្នា ទៀតហើយនៅរសៀលថ្ងៃទី១៥ ខែសីហានេះ ជាហេតុធ្វើឲ្យ មុខមេប៉ុស្តិ៍ជូរជាងផ្លែក្រូចឆ្មារទៅទៀត ៕

មតិយោបល់