ព័ត៌មានអន្តរជាតិ

លោក ពូទីន ថាត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងទំនាក់ទំនងជាមួយចិន

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសលោក មានឆន្ទៈក្នុងការកែលម្អទំនាក់ទំនង ជាមួយចិន និងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តទ្វេភាគីដ៏ទូលំទូលាយ សម្រាប់កិច្ចសម្របសម្រួលគ្នា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

លោក ពូទីន បាននិយាយនៅពេលជួបប្រជុំ ជាមួយលោក យ៉ាង ជីឈី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ថា រុស្ស៊ី ក៏បានត្រៀមខ្លួន ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយចិន កាន់តែស៊ីជម្រៅ នៅតាមតំបន់ផ្សេងៗ ក៏ដូចជាបង្កើនកិច្ចសម្របសម្រួលគ្នា លើកិច្ចការក្នុងតំបន់ និងអន្តរជាតិផងដែរ។

លោក ពូទីន បាននិយាយថា លោក និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានឈានដល់កិច្ចព្រមព្រៀងថ្មី និងសំខាន់មួយ ជាមួយគ្នា នៅខាងក្រៅកិច្ចប្រជុំកំពូល BRICS ក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែមុន ហើយថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិន ពិតមានសារៈសំខាន់ ចំពោះប្រទេសទាំងពីរ និងពិភពលោកទាំងមូល។

ដោយក្នុងនោះលោក ពូទីន បានបញ្ជាក់ថា លោកកំពុងទន្ទឹងរង់ចាំជួបជាមួយលោក ស៊ី ម្តងទៀត។

ពាក់ព័ន្ធនឹងជំនួបនេះ លោក យ៉ាង បាននិយាយថា ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងរុស្ស៊ី ដោយលោក ស៊ី និងលោកពូទីន បានជួបគ្នាពីរដងរួមមកហើយ នៅក្នុងឆ្នាំនេះ ដើម្បីរៀបចំកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕

មតិយោបល់