ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចង់ជួបចរចាជាមួយលោក គីម ម្តងទៀត

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថា លោក អាចនឹងជួប ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ម្តងទៀត ដើម្បីការពារកិច្ចប្រឹងប្រែង ក្នុងការបញ្ចុះបញ្ចូលឲ្យក្រុងព្យុងយ៉ាង ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយសារព័ត៌មានរ៉យទ័រ លោក ត្រាំ ដែលធ្លាប់បានជួបប្រជុំមួយ ជាមួយលោកគីម កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ បាននិយាយថា លោកជឿជាក់ថា កូរ៉េខាងជើង បានចាត់វិធានការដ៏ជាក់លាក់ ដើម្បីឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ បើទោះបីមានការសង្ស័យជាច្រើន អំពីឆន្ទៈរបស់លោក គីម ក្នុងលុបបំបាត់ឃ្លាំងអាវុធក៏ដោយ។

ការលើកទ្បើងយ៉ាងដូច្នោះ បានកើតទ្បើងខណៈលោក បាននិយាយថា រឿងល្អ ៗ ជាច្រើន កំពុងកើតមានឡើង ជាមួយកូរ៉េខាងជើង ប៉ុន្តែលោក ត្រាំ បានត្អូញត្អែរថា ក្រុងប៉េកាំង មិនបានជួយអ្វី ដែលពួកគេធ្លាប់បានអនុវត្តកន្លងមកនោះទេ ដោយសារតែជម្លោះពាណិជ្ជកម្ម ជាមួយអាមេរិក៕

មតិយោបល់