តៃវ៉ាន់ៈ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសៅរ៍នេះថា មនុស្ស ៦ នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ វាយប្រហារនៅលើកោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។
នៅភាគកណ្តាល និងភាគខាងត្បូងកោះតៃវ៉ាន ចាប់តាំងពីថ្ងៃព្រហស្បតិ៍ រួមទាំងសង្កាត់មួយចំនួនទៀត បានទទួលរងកម្រិតទឹកភ្លៀងធ្លាក់ជិត ១,០០០ មីលីម៉ែត្រ។
ក្រុមអាជ្ញាធរបាននិយាយថា មនុស្សជាង ៦,០០០ នាក់ហើយ ត្រូវបានជម្លៀសខ្លួនចេញ និងជិត ១០០នាក់ទៀតបានរងរបួស ខណៈដែលជាង ១,១០០ នាក់ កំពុងស្ថិតក្នុងជម្រក នៅព្រឹកថ្ងៃសៅរ៍នេះ។
តាមរូបភាពបានបង្ហាញថា អ្នករស់នៅទីក្រុង Kaohsiung និងនៅជិតទីក្រុង Tainan កំពុងស្ថិតក្នុងរណ្តៅទឹកដ៏ជ្រៅ ខណៈដែលទាហាន នៅភាគកណ្តាលតំបន់ Chiayi បានដឹកមនុស្សចាស់ និងកុមារចេញពីផ្ទះរបស់ពួកគេដែលបានលិចលង់៕
មតិយោបល់