ព័ត៌មានអន្តរជាតិ

សកម្មប្រយុទ្ធ ៣៧នាក់ ត្រូវសម្លាប់ ក្នុងប្រតិបត្តិការនៅភាគខាងកើតអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ រដ្ឋាភិបាលថ្នាក់ខេត្ត នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ប្រមាណជា ៣៧នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរយៈពេល ២៤ម៉ោងចុងក្រោយ នៅស្រុក Kot ក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។

សកម្មប្រយុទ្ធចំនួន ៤៤នាក់ បានរងរបួសផងដែរ ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតចុងក្រោយ ដោយកងទ័ព ប៉ូលិស និងកម្លាំងជីវពលសម្ព័ន្ធមិត្តអាហ្វាហ្គានីស្ថាន នៅតំបន់ Kholgai, Janjal Ghondai, Seapy និងតំបន់ Kot ។

ក្នុងនោះកងកម្លាំងចម្រុះ បានដោះមីន ២៩គ្រាប់ ដែលដាំនៅក្នុងដី ដោយពួកសកម្មប្រយុទ្ធថ្មីៗ ក្រោយពីកិច្ចបោសសម្អាតនៅភូមិជាង ៤០ នៃពួកសកម្មប្រយុទ្ធ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ការប៉ះទង្គិចគ្នានេះ ត្រូវបានបន្តរវាងកងកម្លាំងសន្តិសុខ និងពួកសកម្មប្រយុទ្ធ IS នៅក្នុងស្រុកចាប់តាំងពីថ្ងៃសុក្រ ក្រោយពួកសកម្មប្រយុទ្ធបានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ និងបង្កឲ្យមានភ្លើងឆេះផ្ទះជាច្រើនខ្នង៕

មតិយោបល់