ក្លិបក្រសួងការពារជាតិបង្ហើបថា ខ្លួនបានចំណាយថវិកាច្រើនជាងមុនដល់ទៅ៥០ភាគរយ ដើម្បីនាំចូលកីឡាករបន្ថែម និងបង្កើនប្រាក់ខែដល់កីឡាករមានស្រាប់ ក្នុងបំណងពង្រឹងឆន្ទៈកូនក្រុម និងបន្តភាពខ្លាំងរបស់ខ្លួននៅជើងទី២ ក្នុងដំណើរទៅគ្រងជើងឯកនាចុងរដូវកាល។
នាពហុកីឡដ្ឋានជាតិ គ្រូបង្គោលលោក ទេព ឡុងរចនា រៀបរាប់ថា ក្នុងជុំទី២ខាងមុខនេះ ក្លិបនឹងប្រើប្រាស់ថវិកាបន្ថែមនោះ ឲ្យមានប្រសិទ្ធភាពបំផុត មិនថា តែការពិចារណានាំកីឡាករថ្មីចូល ឬការបន្ថយគម្លាតបៀវត្សរ៍កីឡាករក្នុងក្រុម។
“លើស! ១គុណនិង២ មានន័យថា អាចពាក់កណ្តាលទៀត ដែលយើងមានគម្រោងចាយ១០០០០ ឥឡូវយើងត្រូវចាយថែម៥០០០ទៀត ជាឧទាហរណ៍។ យើងត្រូវការធនធានកីឡាករថែម យើងត្រូវលើកទឹកចិត្ត ដែលកម្រិតបៀវត្សរ៍កុំឲ្យឆ្ងាយគ្នាពេក។ ឆ្នាំនេះយើងមានទុនប៉ុន្មាន យើងនឹងប្រើឲ្យមានគុណភាព ដើម្បីឈរតំណែងជើងឯក”។ សម្តីលោក ទេព ឡុងរចនា។
បើទោះបីក្លិបមានខ្សែប្រយុទ្ធ Cheo Myong Ho ដែលរកគ្រាប់បាល់បានគ្រប់ការប្រកួតក្តី ប៉ុន្តែលោកថា នៅពុំទាន់គ្រប់គ្រាន់។ គ្រូបង្វឹករូបនេះបន្តថា ក្លឹបបាននាំអតីតកីឡាករជម្រើសជាតិកូរ៉េខាងជើង២នាក់ទៀតមកចូលរួម ទោះបីត្រូវបន្ថែមការចំណាយច្រើនក៏ដោយ។
ពានរង្វាន់លីគកំពូលកម្ពុជា បច្ចុប្បន្នក្រសួងការពារជាតិ កំពុងឈរចំណាត់ថ្នាក់ទី២ មាន២៧ពិន្ទុ ពីការប្រកួតឈឈ្នះ៩ ចាញ់២៕
មតិយោបល់