ព័ត៌មានអន្តរជាតិ

ជប៉ុន ផ្អាកការទិញប្រេងពីអ៊ីរ៉ង់ ខណៈភ័យខ្លាចទណ្ឌកម្មអាមេរិក

ជប៉ុន: ក្រុមហ៊ុនប្រេងធំៗជាច្រើនរបស់ជប៉ុន កំពុងត្រៀមបញ្ឈប់ការនាំចូលប្រេងឆៅពីអ៊ីរ៉ង់ នៅខែតុលាខាងមុខ ដោយសារមានការព្រួយបារម្ភថា ទណ្ឌកម្មប្រឆាំងរបស់ក្រុងវ៉ាស៊ីនតោន នឹងដាក់លើបណ្ដាប្រទេសណា ដែលនាំចូលប្រេងពីអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

យោងទៅតាមភ្នាក់ងារ AFP រដ្ឋាភិបាលក្រុងតូក្យូ បាននិងកំពុងព្យាយាមស្វែងរកការលើកលែងមួយពីអាមេរិក ដើម្បីអាចអនុញ្ញាតឲ្យខ្លួន បន្តការនាំចូលប្រេងអ៊ីរ៉ង់ បើទោះបីវាជាហាក់បីដូចជាមិនទទួលបានផលអ្វីទាល់តែសោះ។

អ្នកនាំពាក្យក្រុមហ៊ុនលក់ដុំលោក Showa Shell Sekiyu បានប្រាប់ AFP នៅថ្ងៃច័ន្ទនេះថា «យើង នឹងឃ្លាំមើលការសម្រេចរបស់រដ្ឋាភិបាល លើការនាំចូលប្រេងអ៊ីរ៉ង់ ប៉ុន្តែយើងសុំមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមទេ ទាក់ទងនឹងបញ្ហានេះ ពីព្រោះយើងមិនអាចបង្ហាញព័ត៌មាន អំពីការធ្វើពាណិជ្ជកម្មឯកជននោះទេ»។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន លោក Hiroshige Seko បាននិយាយថា ក្រុងតូក្យូ នឹងធ្វើកិច្ចចរចាបន្ថែមទៀត ជាមួយអាមេរិក ដើម្បីទទួលបានការលើកលែង ចំពោះការដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុងតេអេរ៉ង់ និងដៃគូពាណិជ្ជកម្មនាពេលថ្មីៗនេះ៕

មតិយោបល់