កូរ៉េៈ រដ្ឋមន្រ្តីការបរទេសរបស់កូរ៉េខាងជើង លោក Ri Yong Ho បានព្រមាននៅក្នុងលិខិតមួយ ផ្ញើទៅកាន់អង្គការសហប្រជាជាតិថា ក្រុងព្យុងយ៉ាងនឹងមិនអង្គុយស្ងៀមនោះទេ ប្រសិនបើអាមេរិកនៅតែបន្តការធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូង បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍អូឡាំពិករដូវរងានាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
ចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ ២០១៧ កន្លងមក កូរ៉េខាងជើងមិនបានធ្វើតេស្តមីស៊ីលបន្តទៀតនោះទេ ហើយថែមទាំងបានបើកកិច្ចពិភាក្សាអន្តរកូរ៉េ នៅក្នុងខែមករាជាលើកដំបូង ដែលមិនធ្លាប់មានជាមួយគ្នា អស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ ដោយបានបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េផងដែរ បន្ទាប់ពីសង្គ្រាមវោហាសាស្ត្រដ៏ក្ដៅគគុក រវាងទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន។
នៅក្នុងលិខិតនោះ រដ្ឋមន្រ្តីក្រសួងការបរទេស បានសរសេរថា នៅពេលណាដែលមានការធ្វើសមយុទ្ធយោធារួមគ្នាកើតឡើងនោះ សន្តិភាព ក៏ដូចជាសន្តិសុខ នៅឧបទ្វីបកូរ៉េ នឹងត្រូវបានគំរាមកំហែងយ៉ាងខ្លាំងក្លា ហើយការមិនទុក រួមទាំងការប្រឈមមុខដាក់គ្នារវាងអន្តរកូរ៉េ ឈានដល់កម្រិតកំពូល ដែលនឹងបង្កផលវិបាក និងឧបសគ្គយ៉ាងធំធេង មុនពេលកិច្ចពិភាក្សានៃប្រទេសទាំងពីរ។
ក្នុងនោះ Ri ក៏បានបន្ថែមទៀតថា «យើងនឹងខិតខំកែលម្អទំនាក់ទំនងអន្តរកូរ៉េនាពេលអនាគត ប៉ុន្តែយើងក៏មិនអង្គុយនៅស្ញៀម ចំពោះទង្វើដ៏អាក្រក់របស់អាមេរិក មកលើកិច្ចប្រឹងប្រែងរបស់យើងនោះដែរ៕
មតិយោបល់