ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងអាមេរិក ចុះកិច្ចព្រមព្រៀងយោធា ចំពេលមានភាពតានតឹង ទៅលើការដាក់ទណ្ឌកម្មអ៊ីរ៉ង់

ឥណ្ឌា: មន្ត្រីក្រុងញូវដេលី និងក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងយោធា បន្ទាប់ពីមានកិច្ចពិភាក្សារវាងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលវាត្រូវបានគេរំពឹងទុកថា នឹងជាការបើកទ្វារសម្រាប់ការលក់ឧបករណ៍យោធា របស់អាមេរិកទៅកាន់ឥណ្ឌា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។

កិច្ចព្រមព្រៀងនេះ បានធ្វើទ្បើងដោយលោក James Mattis ប្រមុខការពារជាតិអាមេរិក និងរដ្ឋលេខាធិការលោក Mike Pompeo បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោកស្រី Sushma Swaraj និងរដ្ឋមន្ត្រីការពារជាតិលោកស្រី Nirmala Sitharaman នៅទីក្រុងញូវដែលី កាលពីថ្ងៃព្រហស្បតិ៍ ដោយភាគីទាំងពីរ បាននិយាយថា ពួកគេពិតជាសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងការរីកចម្រើន ដែលបានធ្វើកន្លងមករវាងប្រទេសទាំងពីរ។

ដោយលោក Pompeo បានហៅកិច្ចព្រមព្រៀងដែលមានភាពស៊ីសង្វាក់គ្នានេះថា ជាចំណុចដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា ខណ:ដែលលោកស្រី Sitharaman បានលើកទ្បើងថា កិច្ចព្រមព្រៀងនេះ នឹងជួយលើកកម្ពស់សមត្ថភាពការពារជាតិ និងការត្រៀមខ្លួនរបស់យោធាឥណ្ឌា។

ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ក្រុមអ្នកវិភាគបាននិយាយថា អាចនាំឲ្យអាមេរិកផ្ទេរគ្រឿងបរិក្ខារយោធា និងបច្ចេកវិទ្យាទំនើប ដូចជាយន្តហោះឈ្លបយកការណ៍ សម្រាប់តាមដានការឈ្លានពានសមុទ្រ Guardian ទៅកាន់ប្រទេសឥណ្ឌា៕

មតិយោបល់