ព័ត៌មានអន្តរជាតិ

ក្រុមមន្រ្តីអាមេរិក អះអាងថា នាវាផ្ទុកយន្តហោះ USS Carl Vinson មិនបានធ្វើដំណើរទៅកូរ៉េខាងជើងនោះទេ

អាមេរិកៈ មន្ត្រីការពារជាតិអាមេរិកម្នាក់ នៅថ្ងៃអង្គារ បានរាយការណ៍ថា នាវាផ្ទុកយន្តហោះអាមេរិកមួយ ដែលដឹក កងទ័ពជើងទឹក បានធ្វើដំណើរឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េមែន ចំពេលមានភាពតានតឹងកើនឡើង ប៉ុន្តែវាមិនទាន់បានជិះទៅដល់តំបន់នោះនៅឡើយទេ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។

កងទ័ពវាយប្រហារជើងទឹកអាមេរិក កាលពីថ្ងៃទី៨ ខែមេសា បាននិយាយថា ក្រុមខ្លួនដែលបានធ្វើដំណើរ ដោយនាវាផ្ទុកយន្តហោះ USS Carl Vinson ឆ្ពោះទៅកូរ៉េខាងជើងនោះ គ្រាន់តែជាវិធានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់សកម្មភាពបង្កហេតុកូរ៉េខាងជើងប៉ុណ្ណោះ។

ប្រមុខមន្ទីរបញ្ចកោណ លោក Jim Mattis កាលពីថ្ងៃទី១១ ខែមេសា បានឲ្យដឹងថា នាវា Vinson គឺគ្រាន់តែធ្វើដំណើរនៅលើផ្លូវតាមឧបទ្វីបនោះប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃបន្ទាប់មកទៀត ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា «យើងកំពុងបញ្ជូនកងនាវាធំមួយ ដ៏មានអនុភាពខ្លាំងបំផុត» ។

ប៉ុន្តែពាក់ព័ន្ធនឹងការលើកទ្បើងខាងលើ លោក Jim Mattis នៅថ្ងៃអង្គារ បានប្រាប់ភ្នាក់ងារ AFP ថា នាវានេះ គឺធ្វើដំណើរឆ្ពោះទៅសមុទ្រភាគពាយព្យប្រទេសអូស្រ្តាលីប៉ុណ្ណោះ ហើយកងទ័ពជើងទឹក ដែលរូបថតបានបង្ហាញ នៅលើ Vinson គឺស្ថិតនៅសមុទ្រ Java នៃប្រទេសឥណ្ឌូនេស៊ីនោះទេ។

លោកបានបន្តថា «ក្រុមកងទ័ពវាយប្រហារជើងទឹកអាមេរិក កំពុងបន្តដំណើរទៅភាគខាងជើងឆ្ពោះទៅរកសមុទ្រនៃប្រទេសជប៉ុន ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ ហេតុដូចនេះ ពួកគេមិនបានឆ្ពោះដំណើរទៅក្នុងតំបន់នោះទ្បើយ ដោយសារវាស្ថិតនៅចម្ងាយរាប់ពាន់ម៉ាយពីសមុទ្រ Java ទៅកាន់សមុទ្ររបស់ជប៉ុន៕

មតិយោបល់