ន័រវេសៈ ក្រុមប្រឹក្សាភិបាលស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍ន័រវេស (AIBN) បានឲ្យដឹងនៅក្នុងរបាយការណ៍បឋមមួយ កាលពីថ្ងៃអង្គារថា ការបាក់បំណែកឧបករណ៍ ដែលតភ្ជាប់ពីចង្កូត “ទំនងបំផុត” ជាកត្តាដែលបណ្តាលឲ្យមានការធ្លាក់ឧទ្ធម្ភាគចក្រក្រុមហ៊ុន Airbus មួយនៅភាគខាងលិចប្រទេសន័រវែសថ្មីនេះៗ ដែលបានសម្លាប់ជីវិតមនុស្សអស់ ១៣ នាក់នៅលើយន្តហោះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
របាយការណ៍នេះ បានឲ្យដឹងថា នៅក្នុងដំណាក់កាលនៃការស៊ើបអង្កេត AIBN បានរកឃើញថា គ្រោះថ្នាក់នេះ ភាគច្រើនទំនងជាលទ្ធផលនៃការបាក់បំណែក ដែលតភ្ជាប់នឹងចង្កូតមួយផ្នែក របស់ឧទ្ធម្ភាគចក្រ។
ទោះជាយ៉ាងណា ការបាក់បំណែកនៃឧទ្ធម្ភាគចក្រនេះ គ្រាន់តែជាការសន្និដ្ឋាន ដោយមិនទាន់ ត្រូវបានកំណត់ជាផ្លូវការនៅទ្បើយទេ ដែលនេះជារបាយការណ៍បឋមនៃការស៊ើបអង្កេត AIBN ញាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ឧទ្ធម្ភាគចក្រក្រុមហ៊ុន Airbus H225 Super Puma បានធ្លាក់កាលពីថ្ងៃទី ២៩ ខែមេសា ដោយធ្វើដំណើរចេញពីក្រុមហ៊ុន Statoil ទៅកាន់ Bergen ដែលជាទីក្រុងធំទីពីររបស់ប្រទេសន័រវេស បានសម្លាប់កម្មករប្រេង ១១ នាក់ និងអ្នកបើកយន្តហោះពីរនាក់៕
មតិយោបល់