ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ម៉េង កែវពេជ្ជតា ចោទថា ដេនី ក្វាន់ គំរាមកំហែងពីសុវត្ថិភាពរបស់ខ្លួន

ភ្នំពេញៈ អតីតតារាចម្រៀងលំដាប់កំពូល អ្នកនាង ម៉េង កែវពេជ្ជតា បានអះអាងថា ជនអនាមិកដែលបានគំរាមកំហែងពីសុវត្ថិភាពរបស់ខ្លួនតាមរយៈប្រព័ន្ធហ្វេសប៊ុកកាលពីពេលកន្លងមកនោះ គឺអ្នកនាងបានដាក់ការចោទប្រកាន់ទៅលើកញ្ញា ដេនី ក្វាន់។ នេះជាការឲ្យដឹងរបស់អ្នកនាងក្នុងបទសម្ភាសន៍ជាមួយ Post News ក្នុងពេលផ្ទុះឡើងព័ត៌មានជនអនាមិកគំរាមកំហែង ដែលមានខ្សែអាត់សំឡេងច្បាស់លាស់។ អ្នកនាងបានបង្ហាញពីការប្រាកដចិត្តយ៉ាងខ្លាំង ដោយបានអះអាងថា បើ ដេនី ក្វាន់ នៅតែបន្តឲ្យភ្លើងឆាបឆេះ នោះផ្លូវច្បាប់នឹងជៀសមិនផុតឡើយ។

អតីតតារាចម្រៀងលំដាប់កំពូលរូបនេះ បានអះអាងទៀតថា បើទោះជា ដេនី ក្វាន់ បានប្រើគណនីក្លែងក្លាយ ដើម្បីធ្វើការវាយប្រហារ និងគំរាមកំហែងចំពោះអ្នកនាង ដោយមិនបានបញ្ចេញអត្តសញ្ញាណក៏ដោយ ក៏សំណេរប្រមាថ និងការគំរាមកំហែងមកលើអ្នកនាង ត្រូវគេរកឃើញថា ជា ដេនី ក្វាន់ ដោយមិនអាចប្រកែកបាន។ អ្នកនាងបាននិយាយថា «ទោះបីគាត់លាក់លៀម ក៏លាក់អត់ជិតដែរណា! គេដឹងតើ គេមើលការសរសេរ គេមើលការនិយាយ គេឆែកមើលឯកសារបស់គាត់ គេអី គេដឹងតើថា គ្មានណាក្រៅពីដេនី ក្វាន់ ទេ! ហើយនឹងបក្ខពួកគាត់នឹង ប៉ុន្តែសំខាន់ គឺដេនី ក្វាន់ ហ្នឹង ត្រូវប្រឈមមុខហើយ.. អ្វីក៏ដោយស្ថិតនៅលើនាង បើនាងចេះធ្វើឲ្យភ្លើងនឹងរលត់ ភ្លើងនឹងរលត់ បើនាងមិនធ្វើឲ្យភ្លើងនឹងមិនរលត់ឲ្យវាឆេះ គឺវាឆេះ សម្រេចតែលើគាត់ទេណា បងចាំតែតាមអ្ហេ!»។ ការបញ្ជាក់របស់អ្នកនាង គឺជារឿងរសើបថ្មីមួយទៀត បន្ទាប់ពី ដេនី ក្វាន់ និងអ្នកនាង ត្រូវគេឃើញផ្ទុះឡើងនូវសំណេរដុតគ្នាទៅវិញទៅមក ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈ។

ជុំវិញការចោទប្រកាន់ខាងលើ កញ្ញា ដេនី ក្វាន់ បានចាត់ទុកថា អ្វីដែលអ្នកនាង ម៉េង កែវពេជ្ជតា លើកឡើង គឺជាការលាបពណ៌ និងជាការបង្ខូចឈ្មោះយ៉ាងធ្ងន់ធ្ងរចំពោះខ្លួន។ នាងទាមទារឲ្យ ម៉េង កែវពេជ្ជតា ស្វែងរកភស្ដុតាងមកការពារសម្ដីរបស់ខ្លួនឲ្យបានដាច់ខាត ដើម្បីគេចចេញពីការចោទប្រកាន់តាមផ្លូវច្បាប់។ ដេនី ក្វាន់ បញ្ជាក់ «គាត់ហ៊ានចោទខ្ញុំយ៉ាងនេះ ខ្ញុំនឹងពិភាក្សាជាមួយបងប្អូនខ្ញុំ ព្រោះសម្ដីនេះ ប៉ះពាល់ធ្ងន់ណាស់ចំពោះខ្ញុំ និងគ្រួសារ ខ្ញុំគ្មានពេលទៅឈ្លោះជាមួយអ្នកណាដូចគាត់ទេ ចឹងរឿងនឹងអត់ចប់ទេ បើគាត់ហ៊ានចោទបែបហ្នឹង?!»។ ជាមួយគ្នានេះ នាងក៏បានប្រកាសឲ្យ អតីតតារាចម្រៀងកំពូល ម៉េង កែវពេជ្ជតា ចេញមុខបកស្រាយចំពោះអ្វីដែលបានលើកឡើង និងថា បើគ្រាន់តែនិយាយ ហើយគ្មានភស្ដុតាង គឺពិតជាល្អមើល ដូចគ្នាដែល ម៉េង កែវពេជ្ជតា បានបង្ខំឲ្យនាងសុំទោសជាសាធារណៈដូច្នេះដែរ។

ក្នុងរយៈពេលចុងក្រោយនេះ គេកត់សម្គាល់ឃើញថា តារាចម្រៀង ម៉េង កែវពេជ្ជតា បានប្រើសម្ដីអសុរសអមដោយការរិះគន់ធ្ងន់ៗទៅលើមនុស្សជាច្រើនជាសាធារណៈ ដូចជាការប្រតិកម្មទៅលើអ្នកនិពន្ធ កែវ ច័ន្ទបូរណ៍ ទៅលើតារាចម្រៀងលោក អ៊ាម វន្នី ក្នុងពេលតារារូបនេះ ត្រូវបានមហាជនកោតសរសើក្នុងពេលប្រឡងក្នុងកម្មវិធី Cambodian Idol និងធ្វើការរិះគន់យ៉ាងចាស់ដៃទៅកាន់ក្រសួងវប្បធម៌ រហូតផ្អើលអស់មហាជន។ ក្រៅពីនោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏ត្រូវគេទម្លាយថា បានផ្ទុះជម្លោះជាមួយតារាសិល្បៈជាច្រើនបន្តកន្ទុយគ្នាផងដែរ ដូចជាជាមួយតារាសម្ដែងលោក គង់ ចំរ៉ុង អ្នកនាង ខាត់ សុឃីម កញ្ញា សាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអិន និងជាមួយអ្នកគាំទ្រតារាទាំងនោះជាច្រើននៅលើហ្វេសប៊ុក។

ករណីទាំងអម្បាលម៉ានខាងលើ បានធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែអ្នកនាង ត្រូវគេកត់សម្គាល់ថា មានសត្រូវជុំទិសច្រើននាក់ ប៉ុន្តែបែរជាបានប្រកាសថា ជនអនាមិកដែលបានគំរាមកំហែងខ្លួនគឺ ដេនី ក្វាន់៕

មតិយោបល់