រុស្ស៊ីៈ សមយុទ្ធយោធាដ៏ធំបំផុតរបស់រុស្ស៊ី បានចាប់ផ្ដើមតាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ ដែលវាមិនចម្លែកអ្វីទ្បើយ ខណៈកងកម្លាំងប្រហែល ៣០ ម៉ឺននាក់របស់រុស្ស៊ី នឹងមានវត្តមានក្នុងសមយុទ្ធ ដែលកំពុងស្ថិតនៅក្រោមការដឹកនាំ នៅភាគខាងកើតតំបន់ស៊ីបេរី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
ប្រទេសចិន កំពុងបញ្ជូនកងទ័ពខ្លួនចំនួន ៣,២០០ នាក់ ដើម្បីចូលរួមក្នុងសមយុទ្ធយោធាតទ្រង់ទ្រាយធំរបស់ទីក្រុងម៉ូស្គូ Vostok-2018 ដោយមានរថពាសដែក រួមទាំងយន្តហោះចម្បាំងចិនជាច្រើនគ្រឿង ខណៈដែលប្រទេសម៉ុងហ្គោលី ក៏កំពុងបញ្ជូនអង្គភាពមួយចំនួនរបស់ពួកគេ មកចូលរួមជាមួយផងដែរ។
ការធ្វើសមយុទ្ធរបស់រុស្ស៊ីលើកនេះ គឺមានលក្ខណៈប្រហាក់ប្រហែលគ្នា ទៅនឹងសមយុទ្ធនៅឆ្នាំ ១៩៨១ កំឡុងសម័យសង្គ្រាមត្រជាក់។ ប៉ុន្តែ Vostok-2018 នឹងមានការចូលរួមពីវត្តមានកងទ័ពបន្ថែមទៀត។ ដោយវាបានកើតឡើង ចំពេលដែលភាពតានតឹង រវាងណាតូ និង រុស្ស៊ីកាន់តែខ្លាំងឡើង។
សូមជំរាបថា ទំនាក់ទំនងរវាងរុស្ស៊ី និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (សម្ព័ន្ធភាពណាតូ) ដែលមានសមាជិកចំនួន ២៩ ប្រទេស គ្រប់គ្រងដោយអាមេរិក កាន់តែអាក្រក់ខ្លាំងឡើង ចាប់តាំងពីរុស្ស៊ី បានបញ្ចូលតំបន់គ្រីមៀពីអ៊ុយក្រែន មកស្ថិតក្រោមការកាន់កាប់របស់ខ្លួន នៅឆ្នាំ ២០១៤៕
មតិយោបល់