ព័ត៌មានអន្តរជាតិ

លោក ពូទីន ចង់បញ្ចប់ជម្លោះកាន់កាប់ប្រជុំកោះរយៈពេល ៧០ ឆ្នាំ ជាមួយប្រទេសជប៉ុន

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកចង់ឲ្យប្រទេសរបស់លោក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ជាមួយប្រទេសជប៉ុននៅឆ្នាំនេះ ដើម្បីបញ្ចប់ការឈ្លានពានជាផ្លូវការ ដែលបានចាប់ផ្តើម ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ជុំវិញប្រជុំកោះមួយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asian ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ការលើកទ្បើងរបស់លោក ពូទីន បានធ្វើទ្បើងកាលពីថ្ងៃពុធ ក្នុងវេទិកាសេដ្ឋកិច្ចមួយ ស្ថិតនៅភាគខាងកើតទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី ជាទីដែលលោកបានជួបនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ។

នៅក្នុងសម័យប្រជុំសំណួរ និងចម្លើយនៅឯវេទិកានោះ លោក ពូទីន បានជំរុញឲ្យអ្នកចូលរួមក្នុងនោះអបអរសាទរ ដោយលោកបានថ្លែងថា «គំនិតមួយ ទើបតែចូលមកកាន់ការគិតរបស់លោក នោះគឺសន្ធិសញ្ញាសន្តិភាព ដើម្បីបញ្ចប់ជម្លោះនៅមុនដំណាច់ឆ្នាំនេះ ដោយគ្មានលក្ខខណ្ឌណាមួយ ជាមួយជប៉ុន»។

សូមជំរាបថា ជម្លោះរវាងរុស្ស៊ី និងជប៉ុន បានចាប់ផ្តើមជាងប្រាំពីរទសវត្សរ៍មកហើយ ដោយសហភាពសូវៀត បានកាន់កាប់ប្រជុំកោះ Kuril អំឡុងពេលចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ នៅឆ្នាំ ១៩៤៥៕

មតិយោបល់