ព័ត៌មានជាតិ

សាហាវណាស់ ក្រឡាប់រថយន្តសណ្តោងម៉ាស៊ីនខួង សង្កត់ស្លាប់កម្មករម្នាក់យ៉ាងរន្ធត់

កណ្តាលៈ លោកអធិការស្រុកពញាឭបានប្រាប់ Post News ថា មានករណីរថយន្តសណ្តោងម៉ាស៊ីនខួង មួយគ្រឿងបានក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរសម្នាក់ស្លាប់កាលពីវេលាម៉ោង២និង១៥នាទី ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅលើស្ពានព្រែកក្ដាមត្រើយខាងលិច (មិត្តភាពកម្ពុជា ចិន) នៅចំណុចភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។

មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកHYUNDAI សណ្ដោងម៉ាស៊ីនខួងអណ្ដូង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3474 បើកបរ
ដោយអ្នកមិនស្គាល់អត្តសញ្ញាណ​បានរត់គេចខ្លួនបាត់ ក្នុងទិសដៅពីកើតទៅលិច (កំពង់ចាម-ភ្នំពេញ) ពេលបើកបរចុះពីលើស្ពានមកដល់ចំណុចផ្លូវកោងចុងស្ពានត្រើយខាងលិច ក៏បានរេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យធ្លាក់កម្មករកំពុងជិះនៅលើរថយន្តសណ្ដោងម៉ាស៊ីនខួងអណ្ដូង បណ្ដាលឲ្យបោកក្បាលនិងឃឿនស្ពាន ស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង។

សពមានឈ្មោះ ផឹង គៀប ភេទប្រុស អាយុ៤៩ឆ្នាំ​ មានទីលំនៅភូមិចំបក់ជ្រុំ ឃុំជ្រេស ស្រុកមេសាង ខេត្តព្រៃវែង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងប្រគល់សាកសពឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្តុតាងត្រូវបានកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់