នាយករដ្ឋមន្ត្រីអ៊ីតាលីវាយបកវិញ បន្ទាប់ពីប្រធានតួកគីថា ការស៊ើបអង្កេតករណីលាងលុយកង្វក់លើកូនប្រុសលោក ប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី

អ៊ីតាលីៈ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi បានឲ្យដឹងថា ចៅក្រមអ៊ីតាលី កំពុងធ្វើការងាររបស់ ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីធ្វើការស៊ើបអង្កេតកូនប្រុសប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan លើករណីលាងលុយកង្វក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៦។

សម្ដីរបស់លោក Renzi នេះ បានលើកឡើង បន្ទាប់ពីប្រធានាធិបតីតួកគី លោក Erdogan បាននិយាយថា ការស៊ើបអង្កេតករណីលាងលុយកង្វក់ លើកូនប្រុសរបស់លោក នឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។

ទីភ្នាក់ងារព័ត៌មាន ANSA បានដកស្រង់សម្ដីលោក Renziថា «ក្នុងប្រទេសអ៊ីតាលីយើង មានស្វយ័ត និងប្រព័ន្ធតុលាការឯករាជ្យមួយ ដោយដើរតួនាទីតាមច្បាប់ និងប្រឆាំងគ្រប់ទម្រង់ទាំងអស់ ទាក់ទងនឹងបទល្មើសណាផ្ទុយពីច្បាប់» ។

ចៅក្រមបានឆ្លើយទៅនឹងប្រធានាធិបតីតួកគីថា «រដ្ឋធម្មនុញ្ញអ៊ីតាលី និងមិនដូចនៅតួកគីនោះទេ។ យើងហៅប្រព័ន្ធនេះ ជានីតិរដ្ឋ ហើយយើងពិតជាជឿជាក់ចំពោះវា»។

គួរបញ្ជាក់ដែរថា កូនប្រុសប្រធានាធិបតីតួគី ឈ្មោះលោក Bilal អាយុ ៣៥ឆ្នាំ បានស្ថិតនៅក្រោម ការស៊ើបអង្កេតរបស់តុលាការអ៊ីតាលី ពាក់ព័ន្ធនឹងករណីលាងលុយកង្វក់៕

Italian Prime Minister Renzi attends a news conference with Russian President Putin at Moscow's Kremlin

មតិយោបល់