ព័ត៌មានអន្តរជាតិ

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែទ្បើងកម្ដៅ ខណៈលោក ត្រាំ ស្នើ​ឲ្យ​ដាក់​ពន្ធគយ​បន្ថែម​ទៀត​

អាមេរិកៈ ​ប្រធានា​ធិបតី​​អាមេរិកលោក ដូណាល់ ត្រាំ​ បាន​ណែនាំ​ឲ្យ​ជំនួយ​ការ​របស់​លោក ​ចាប់​ផ្តើម​ដំណើរ​ការ​ដាក់​ពន្ធគយ​បន្ថែម​ទៀត​លើ​ទំនិញ​របស់​ប្រទេសចិន ​ដែល​មាន​ទឹក​ប្រាក់​ ២០០​ពាន់​លាន​ដុល្លារ ខណៈដែល​រដ្ឋមន្រ្តី​ក្រសួងហរិញ្ញវត្ថុ​សហរដ្ឋ​អាមេរិកលោក​ Steven Mnuchin​ មាន​បំណង​ធ្វើ​ការ​ចរចា​ឡើង​វិញ ​ជាមួយ​ក្រុងប៉េកាំង ​ដើម្បីស្វែងរកដំណោះ​ស្រាយ​បញ្ហា​ពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ​ក៏​ដោយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។

ចំណាត់​ការ​នេះ ​បាន​កើតឡើងមួយ​សបា្តហ៍​បន្ទាប់​ពី​លោក​ ត្រាំ ​បាន​លើក​ឡើង​ពី​លទ្ធភាព​ក្នុងការដាក់​ពន្ធគយ ​ទៅ​លើ​ទំនិញ​នាំចូលពីចិន​ដែល​មាន​ទឹក​ប្រាក់​២០០​ពាន់​លាន​ដុល្លារ​ រួមទាំង​បាន​គំរាម​ដាក់​ពន្ធគយ​បន្ថែម​ទៀត​លើ​ទំនិញ​មាន​តម្លៃ​២៦៧​ពាន់​លាន​ដុល្លារ​ផងដែរ។

សូមជំរាបថា ចំណាត់ការនេះ​ បាន​បង្កឲ្យ​ទីផ្សារ​ពាណិជ្ជកម្ម​របស់អាមេរិក​ធ្លាក់​ចុះ​ និងបាន​ធ្វើ​ឲ្យ​ប្រាក់យ័ន​របស់​ចិន​ធ្លាក់​ចុះ​បន្ថែម​ទៀត ​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស៕

មតិយោបល់