កូរ៉េៈ រដ្ឋាភិបាលកូរ៉េខាងជើង បានចេញផ្សាយរូបភាព ការបាញ់មីស៊ីលរបស់ខ្លួន កាលពីថ្ងៃអង្គារចេញពីទីតាំងមួយ នៅជិតនឹងក្រុងព្យុងយ៉ាង រួមទាំងបានព្រមានថា តេស្តសាកល្បងអាវុធរបបមួយនេះ នឹងមិនទាន់បញ្ចប់នោះទេ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
តាមរយៈរូបភាពចេញផ្សាយ បានឲ្យដឹងថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឃ្លាំមើលការធ្វើតេស្តនោះ ពីទីតាំងមួយនៅជិតកន្លែងបាញ់មីស៊ីល ដែលលោកបានជក់បារី និងធ្វើការសិក្សាអំពីផែនទី ព្រមទាំងបានយកកែវយឹតឆ្លុះមើល នៅពេលចាប់ផ្ដើមបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោង Hwasong-12 ។
កាលពីថ្ងៃពុធ លោក គីម បាននិយាយថា ការបាញ់មីស៊ីល ហោះរំលងប្រទេសជប៉ុននាពេលថ្មីៗនេះ គឺជាជំហានដំបូងនៃកិច្ចប្រតិបត្តិការយោធាខ្លួន នៅតំបន់ប៉ាស៊ីហ្វិក និងក៏ជាការបង្ហាញថា ខ្លួនមានសមត្ថភាព អាចវាយប្រហារដល់កោះហ្គាមអាមេរិកបាន ។
ពាក់នឹងបញ្ហានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បាននិយាយថា ទីក្រុងសេអ៊ូល អាចមានជម្រើសតបតទៅវិញយ៉ាងរហ័ស តាមរយៈការវាយលុក នៅក្នុងករណីដែលកូរ៉េខាងជើង ធ្វើសកម្មភាពបង្កហេតុណាមួយឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន ឬការវាយប្រហារមកកាន់តំបន់ក្នុងរដ្ឋធានីរបស់ខ្លួន»៕
មតិយោបល់