ព័ត៌មានអន្តរជាតិ

ជប៉ុន ធ្វើសមយុទ្ធនាវាមុជទឹកលើកដំបូង នៅដែនទឹកមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង

ជប៉ុនៈ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយ នៅថ្ងៃច័ន្ទនេះ បាននិយាយថា រដ្ឋាភិបាលក្រុងតូក្យូ បានធ្វើសមយុទ្ធនាវាមុជទឹក លើកដំបូងរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ដែលវាជាការផ្លាស់ប្តូរមួយ ទំនងជានឹងបង្កហេតុដល់ទីក្រុងប៉េកាំង ដែលធ្លាប់បានអះអាងថា ភាគច្រើននៃតំបន់ដែនទឹក ដែលកំពុងមានជម្លោះជាមួយជប៉ុន គឺជារបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

កាសែតក្នុងស្រុក Asahi Shimbun បានឲ្យដឹងថា នាវាមុជទឹក Kuroshio កាលពីថ្ងៃព្រហស្បតិ៍ បានចូលរួមសមយុទ្ធ ជាមួយនាវាចម្បាំងជប៉ុន ៣ គ្រឿង នៅដែនទឹកស្ថិតនៅភាគនិរតីនៃតំបន់ Scarborough Shoal ដែលគ្រប់គ្រងដោយប្រទេសចិន។

ខណៈដែលក្រុងប៉េកាំងបានអះអាងថា ភាគច្រើននៃធនធានដ៏សម្បូរ នៅសមុទ្រចិនខាងត្បូង គឺមានការធ្វើពាណិជ្ជកម្មពីសំណាក់រដ្ឋាភិបាលខ្លួន ឆ្លងកាត់នៅទីនោះជារៀងរាល់ឆ្នាំ ក្នុងទំហំទឹកប្រាក់ចំនួន ៥ពាន់ពាន់លានដុល្លារឯណ្ណោះ បើទោះបីជាមានការអះអាងពីប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមថាជាដែនទឹករបស់ពួកគេក៏ដោយ។

សូមជំរាបថា ភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់ Scarborough Shoal ចាប់តាំងពីទីតាំងនោះ ត្រូវបានក្រុងប៉េកាំងរឹបអូសយកមកគ្រប់គ្រង ពីទីក្រុងម៉ានីល កាលពីឆ្នាំ ២០១២កន្លងមក៕

មតិយោបល់