ព័ត៌មានអន្តរជាតិ

អាមេរិក យល់ព្រមលក់អាវុធយោធាទៅឲ្យកោះតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ចំនួន ៣៣០ លានដុល្លារ

អាមេរិកៈ ប្រភពពីក្រុមមន្ត្រី បានឲ្យដឹងថា ក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់អាវុធយោធា ដែលមានតម្លៃ ៣៣០ លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ខណៈដែលអត្រាដំទ្បើងពន្ធចុងក្រោយ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ស្តីពីការនាំចូលរបស់ចិន ត្រូវបានចូលជាធរមាន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

កាលពីថ្ងៃច័ន្ទ ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កោះឯករាជ្យដែលត្រូវបានក្រុងប៉េកាំង ចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន នឹងទទួលបានគ្រឿងបន្លាស់ស្តង់ដារ សម្រាប់យន្តហោះជាច្រើនគ្រឿង រួមមានទាំងយន្តហោះចម្បាំង F-16 និងយន្តហោះ C-130 ផងដែរ។

ប្រភពដដែល បានបញ្ជាក់ថា សភាមានរយៈពេល ៣០ ថ្ងៃ ដើម្បីធ្វើការជំទាស់ ចំពោះការលក់នេះ ខណៈដែលក្រសួងការបរទេស ទំនងជាមិនអាចកំណត់បានទេថា កោះតៃវ៉ាន់ នៅតែបន្តជាកម្លាំងដ៏សំខាន់មួយ សម្រាប់ស្ថិរភាពនយោបាយ តុល្យភាពយោធា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក្នុងតំបន់នោះ។

ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែជាសម្ព័ន្ធមិត្តក្រៅផ្លូវការដ៏រឹងមាំបំផុតរបស់ក្រុងតៃប៉ិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ៗ បើទោះបីជាមានការផ្លាស់ប្តូរ ការទទួលស្គាល់ផ្នែកការទូតទៅទីក្រុងប៉េកាំង កាលពីឆ្នាំ ១៩៧៩ ក៏ដោយ៕

មតិយោបល់