អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃពុធ បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ឈប់ការគំរាមកំហែងដល់ក្រុងតេអេរ៉ង់ទៀត នៅក្នុងសំណើដាក់ទៅកាន់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងសន្និសីទសារព័ត៌មាន ជាមួយបណ្តាញសារព័ត៌មានលោកខាងលិច ក្នុងអំឡុងកិច្ចប្រជុំរបស់លោក ជាមួយមេដឹកនាំពិភពលោក នៅឯខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ លោក រ៉ូហានី បានបង្ហាញយ៉ាងច្បាស់ ថា ការសម្រេចចិត្តដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អាមេរិក បានធ្វើឲ្យមានការបែកបាក់គ្នា។
ដោយលោក រ៉ូហានី បានបញ្ជាក់ថា ការសម្រេចចិត្ត របស់រដ្ឋបាលអាមេរិកយ៉ាងដូច្នោះ មិនត្រូវបានយល់ស្របពីភាគីដទៃទេនោះទេ។
ក្នុងនោះលោកបានអះអាងថា «ថ្ងៃណាមួយ ឬអាចឆាប់ខាងមុខ អាមេរិកនឹងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ ហើយពេលនោះ អាមេរិក នឹងមិនអាចបន្តដំណើរការនេះ បានទៀតទ្បើយ ព្រោះវាមិនមែន ជាផលប្រយោជន៍របស់អាមេរិក អ៊ីរ៉ង់ និងភាគីដទៃទៀតនោះទេ តែវាជាគោលបំណងរបស់អ៊ីរ៉ង់ ដើម្បីព្យាយាមផ្ដាច់ខ្លួនចេញពីបញ្ហានេះ ជាមួយរដ្ឋអាមេរិក»។
មេដឹកនាំរូបនេះ បានបន្ថែមថា អ្វីដែលអ៊ីរ៉ង់ចង់បាននោះ គឺចង់ឲ្យអាមេរិកត្រឡប់ទៅរកអ្វី ដែលជាភាពស្របច្បាប់ និងឈរលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រួមទាំងបញ្ឈប់ការគំរាមកំហែងដល់ប្រទេសរបស់លោក»៕
មតិយោបល់