ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះក្រុមហ៊ុនអ៊ីនធឺណេត Open Net យ៉ាងសន្ធោសន្ធៅផ្អើលទាំងកណ្តាលយប់..

ភ្នំពេញៈ មានហេតុការណ៍អគ្គិភ័យដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងក្រុមហ៊ុនអ៊ីនធឺណេត Open Net ជាប់ផ្លូវលេខ៣០៦ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន បណ្ដាលឲ្យក្រុមហ៊ុននោះរងការខូចខាតសម្ភារៈយ៉ាងដំណំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុននឹងមានករណីអគ្គិភ័យកើតឡើងនោះគឺ គេសង្កេតឃើញមានទុស្សេខ្សែភ្លើងក្នុងក្រុមហ៊ុនខាងលើ រួចក៏ចេញជាអណ្ដាតភ្លើងឆាបឆេះឡើងបន្តិចម្ដងៗ ទើបបងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យមកជួយអន្តរាគមន៍ ដោយកម្លាំងសមត្ថកិច្ចបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង និងប្រើពេលវេលាជាង១ម៉ោងទើបគ្រប់គ្រងស្ថានការណ៍បាន។

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងដែរថា ក្នុងករណីខាងលើនេះ គឺផ្ដើមចេញមកពីទុស្សេខ្សែភ្លើងក្នុងក្រុមហ៊ុន Open Net ខាងលើ ទើបបង្កឲ្យមានអគ្គិភ័យឆាបឆេះនេះកើតឡើង ។ បើតាមមន្ត្រីនគរបាលពន្លត់អគ្គិភ័យ បានចេញរថយន្តចំនួន១៦គ្រឿង ដែលមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៣គ្រឿង ខាងក្រសួងមហាផ្ទៃចំនួន៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៩គ្រឿង ទើបពន្លត់ភ្លើងរលត់ទៅវិញជាស្ថាពរ ។

សូមបញ្ជាក់ថា​ ក្នុងហេតុការណ៍នេះដែរមិនបណ្ដាលឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសនោះឡើយ គ្រាន់តែខូចខាតនូវសម្ភារៈក្នុងក្រុមហ៊ុនដែលប្រើប្រាស់ប្រចាំថ្ងៃជាច្រើនតែប៉ុណ្ណោះ និងរាលដាលឆេះ​វីឡា​ដែលនៅជាប់នោះ​ខូចខាត​បន្តិចបន្តួច​ដែរ៕

មតិយោបល់